ឯកឧត្តម ឃួង ស្រេង ៖ មន្ត្រី ជាអ្នកបម្រើប្រជាពលរដ្ឋ ត្រូវដឹងឱ្យបានគ្រប់ជ្រុងជ្រោយ សុខទុក្ខនិងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ហើយ ដោះស្រាយជូនពួកគាត់
(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌ និង សង្កាត់ទាំង១០៥ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ រាល់សំណើរនិងសំណូមពរ ដែលស្នើមកថ្នាក់រាជធានី ត្រូវតែជាសំណើរនិងសំណូមពរ ដែលថ្នាក់ខណ្ឌ សង្កាត់ បានប្រឹងប្រែងអនុវត្តអស់ពីសមត្ថិភាព គឺមិនមែនជាសំណើរ និងសំណូមពរ ដែលខ្លួនមិនទាន់បានអនុវត្តនោះទេ កុំយករួចខ្លួន ។
នេះគឺជាការណែនាំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល ៣ឆ្នាំ (២០២១ ដល់ ២០២៣) រាជធានីភ្នំពេញ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតី ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង បន្តថា៖ ថ្នាក់ដឹងនាំខណ្ឌ សង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ តែជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាអ្នកបំរើរបស់ប្រជាពលរដ្ឋ ត្រូវតែដឹងឱ្យបានគ្រប់ជ្រុងជ្រោយ ពីសុខទុក្ខនិងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ហើយនាំគ្នា ដោះស្រាយជូនពួកគាត់ បើដោះស្រាយអស់ពីលទ្ធភាព ឬគ្មានលទ្ធភាពដោះស្រាយត្រូវតែសុំការអន្តរាគមន៍ពីរដ្ឋបាលរាជធានី កុំស្នើសុំអន្តរាគមន៍ទាំងខ្លាំងខ្លួនឯងមិនទាំងបានអនុវត្តផងនោះទេ ។
ឯកឧត្តម ម៉ប់ សារិន លើកឡើងថា៖ ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺដើម្បី ពិគ្រោះពិភាក្សារវាងរាជរដ្ឋាភិបាលជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយសម្រាប់សម្រេចការអនុវត្តកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។
គួរបញ្ជាក់ថា៖ ក្នុងវេទិកានេះ ក៏មានបទអន្តរាគមន៍ របស់រដ្ឋបាលខណ្ឌនិងសង្កាត់ជាបន្តបន្ទាប់ផងដែរ ដោយលើកឡើងពីការអភិវឌ្ឍមូលដ្ឋាន,ការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់,ការផ្តល់សេវារដ្ឋបាល,ការដោះស្រាយវិវាទមូលដ្ឋាន,ការប្រើប្រាស់ថវិកាអភិវឌ្ឍន៍,ការផ្តល់សេវាតាមរយៈការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យានៅច្រកចេញចូលតែមួយ,រចនាសម្ព័ន្ធគ្រប់គ្រង និងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខណ្ឌនិងការគ្រប់គ្រងចំណូល និងការអភិវឌ្ឍមូលដ្ឋានជាដើម៕