នៅប៉ៃលិន ជំនន់ទឹកភ្លៀងធ្លាក់ពីលើភ្នំបង្កការជន់លិចផ្ទះពលរដ្ឋ នៅចំណុចលូដាច់ និង ច្រកទ្វារព្រំដែន បច្ចុប្បន្នវិលមកសភាពដើមវិញហើយ
នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ មានគណនីប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន បានជូនដំណឹង និង រាយការណ៍អំពីករណីជំនន់ទឹកភ្លៀង ដែលបានកើតឡើងនៅចំណុចភូមផ្សារព្រំ ខេត្តប៉ៃលិន ដែលមានភ្លៀងមួយមេធំនៅល្ងាចម៉ោង ៣ បង្កការជន់លិចដល់បងប្អូនប្រជាពលរដ្ឋនៅចំណុចលូដាច់ និង ច្រកទ្វារព្រំដែនកម្ពុជាថៃ។
ទាក់ទិនទៅនឹងករណីនេះ តាមរយៈគណនីអភិបាលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ បានបញ្ជាក់នៅយប់ឈានចូលថ្ងៃ ១៩ ខែតុលា ឆ្នាំ ២០២៤ នេះ ឱ្យបានដឹងថា ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំបានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញហើយ គិតត្រឹមម៉ោង ១២:៤៧ យប់ ឈានចូលថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៤។
ក្រុមការងារនឹងចុះរៀបចំសម្អាតបរិស្ថាន និង ជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលបានបាត់បង់សម្ភារប្រើប្រាស់ ស្បៀងអាហារ នៅព្រឹកនេះ ខណៈការសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា មិនមានប្រជាពលរដ្ឋរងគ្រោះដល់អាយុជីវិតឡើយ ។
លោកជំទាវអភិបាលខេត្ត ក៏បានជូនដំណឹងដល់បងប្អូនជាម្ចាស់ម៉ូតូដែលបានចតនៅច្រកទ្វារអន្តរជាតិ និង ម៉ូតូបានហូរតាមទឹក សូមអញ្ជើញទៅទទួលយកម៉ូតូវិញដោយភ្ជាប់ជាមួយឯកសារបញ្ចាក់ជាម្ចាស់កម្មសិទ្ធិ ដោយក្រុមការងាររដ្ឋបាលខេត្តនៅរង់ចាំពិនិត្យប្រគល់ជូនវិញ ចាប់ពីព្រឹកនេះម៉ោង ៨ (បញ្ចាក់ ម៉ូតូក្រុមការងារសង្គ្រោះរក្សាទុកជូន មានចំនួន ៣៤ គ្រឿង) នៅបាត់ម៉ូតូមួយចំនួន និង ម៉ូតូកង់បី ២ គ្រឿង ក្រុមការងារកំពុងស្វែងរកបន្តទៀត។
ករណីនេះ អភិបាលខេត្តបានបញ្ជាក់ឱ្យដឹងថា ក្រុមការងារកងកម្លាំងប្រចាំការនៅជាមួយបងប្អូនប្រជាពលរដ្ឋ ២៤ ម៉ោង រហូតដល់សភាពការណ៍ល្អប្រសើរធម្មតាវិញ ហើយច្រកទ្វារអន្តរជាតិព្រំ បានបើកដំណើរការជាធម្មតាបន្ទាប់ពីទទួលរងទឹកជំនន់ បិទអស់រយៈពេល ៥ ម៉ោង នៅរសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤៕