អ្នកមានអត្តសញ្ញាណប័ណ្ណខេត្ត ក៏អាចធ្វើផ្លាកលេខ «ភ្នំពេញ» បានដែរ ឱ្យតែមានឯកសារ ២ មុខនេះ
នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ នេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានចែករំលែកចំណេះដឹង ដោយឆ្លើយតបទៅនឹងសំណួរមួយថា ៖ «តើអត្តសញ្ញាណប័ណ្ណខេត្ត អាចចុះបញ្ជីផ្លាកលេខយានជំនិះ ភ្នំពេញ បានដែរឬទេ?»។
ទាក់ទិនទៅនឹងសំណួរនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឆ្លើយតបឱ្យដឹងថា ម្ចាស់យានជំនិះដែលមានអត្តសញ្ញាណប័ណ្ណអាសយដ្ឋានខេត្ត តែមានទីលំនៅអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ អាចដាក់ពាក្យស្នើចុះបញ្ជីយកលេខចុះបញ្ជីភ្នំពេញបាន ទៅតាមអាសយដ្ឋានបច្ចុប្បន្នរបស់ខ្លួន ដោយត្រូវភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅអចិន្ត្រៃយ៍ នៅរាជធានីភ្នំពេញ អមជាមួយនឹងអត្តសញ្ញាណប័ណ្ណអាសយដ្ឋានខេត្ត ជាច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។
បន្ថែមលើសពីនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន ក៏បានបញ្ជាក់ឱ្យបានដឹងទៀតថា អត្តសញ្ញាណប័ណ្ណខេត្ត ក៏អាចចុះបញ្ជីផ្លាកលេខកម្ពុជាបានផងដែរ៕
ប្រភព ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន