អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជំរុញសមត្ថកិច្ចពង្រឹងការគ្រប់គ្រងជនបរទេសដើម្បីបង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ វាសនា បានអំពាវនាវដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពង្រឹងការគ្រប់គ្រងជនបរទេសស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។

សំណើរនេះ ធ្វើឡើងនៅពេលលោក សុខ វាសនា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ យៈពេល ៩ខែ ឆ្នាំ២០២៤ និងដាក់ទិសដៅអនុវត្តបន្ត កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចប្រជុំក្នុងការពង្រឹងប្រសិទ្ធភាពនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងការបំពេញភារកិច្ចរបស់ខ្លួនតាមការចាត់តាំងរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ លោកបានជំរុញឱ្យអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រងជនបរទេសស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ និងតាមបណ្ដាលច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់សូមបន្តយកចិត្តទុកដាក់ ពាក់ព័ន្ធដំណើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសនៅតាមបណ្ដោយច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ទាំងច្រកទ្វារព្រំដែនអន្តរជាតិ ទាំងច្រកទ្វារទ្វេភាគី ត្រូវមានការរឺតបណ្ដឹងបន្ថែមទៀត សំដៅពង្រឹងសន្តិសុខជាតិ និងសុវត្ថិភាពសង្គមឱ្យកាន់តែប្រសើរបន្ថែមទៀត។

លោក សុខ វាសនា ក៏បានជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធបន្តសហការគ្នាទៅវិញទៅមកក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពការគ្រប់គ្រងការងារអន្តោប្រវេសន៍ ដើម្បីទទួលបាននូវលទ្ធផលវិជ្ជមាន រាល់ប្រតិបត្តិការការងារ សំដៅចូលរួមការពារ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងស្ថិរភាពនយោបាយ។

ការជំរុញនេះ ដើម្បីបង្ការជនបរទេសស្នាក់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា បង្កើតជាបទល្មើសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam) ការជួញដូរគ្រឿងញៀន និងជួញដូរមនុស្សជាដើម។

កាលពីខែធ្នូ ឆ្នាំ ២០២៣ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបញ្ជូនជនជាតិវៀតណាមសរុប​ ២៥៧ នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam) និងបទល្មើអន្តោប្រវេសន៍​ ចេញពីកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងប្រកាសរបស់ក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង