ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនៅថៃ សុខចិត្តសម្ល-ា.//ប់សត្វក្រពើទាំងអស់ ១២៥ ក្បាល ព្រោះខ្លាចពួកវារួចពីទ្រុង ស្របពេលទឹកជំនន់ឡើងខ្លាំង
ពិតជារឿងមួយដ៏គួរឱ្យសរសើរណាស់ ដែលម្ចាស់កសិដ្ឋានក្រពើមួយកន្លែងនៅខេត្តឡាំពូន ប្រទេសថៃ សុខចិត្តសម្លាប់ក្រពើរបស់ខ្លួនទាំងអស់ចំនួន ១២៥ ក្បាល ព្រោះតែគិតដល់រឿងទឹកជំនន់ដែលកំពុងឡើង ជាពិសេសគឺដើម្បីការពារសុវត្ថិភាពរបស់អ្នកដទៃ។
ម្ចាស់កសិដ្ឋានបានរៀបរាប់ឱ្យដឹងថា លោកបានបើកកសិដ្ឋានក្រពើនេះមកជាង ១៧ ឆ្នាំហើយ ហើយរាល់ឆ្នាំកន្លងមកមិនធ្លាប់មានអ្វីគួរឱ្យបារម្ភឡើយ ទើបតែឆ្នាំនេះនៅក្នុងខេត្តឡាំពូនមានភ្លៀងធ្លាក់ខ្លាំងខុសធម្មតា បង្កទៅជាទឹកជំនន់ពិបាកនឹងទប់ស្កាត់ ដែលធ្វើខ្លួនបារម្ភជាខ្លាំង ទើបព្យាយាមធ្វើចិត្ត សម្រេចបន្ទាន់ថាសម្លាប់សត្វក្រពើរបស់លោក ដើម្បីការពារសុវត្ថិភាព។
ក្នុងនោះក្រពើទាំងអស់ដែលត្រូវបានសម្លាប់មានចំនួន ១២៥ ក្បាល សុទ្ធតែជាក្រពើធំៗ ឬពូជមេៗដែលម្ចាស់កសិដ្ឋានពិបាកនឹងទប់ស្កាត់កុំឱ្យវារួចចេញបាន។ ម្ចាស់កសិដ្ឋានបន្តទៀតថា លោកក៏មានការសោកស្តាយដូចគ្នា ព្រោះសត្វក្រពើទាំងនេះលោកចិញ្ចឹមមកជាច្រើនឆ្នាំទៅហើយ ពួកវាដូចជាគ្រួសាររបស់លោកអ៊ីចឹង ប៉ុន្តែលោកត្រូវសម្រេចចិត្តបែបនេះ ព្រោះគិតដល់សុវត្ថិភាពអ្នកដទៃជាចម្បង៕
ប្រភព៖ Khaosod