បញ្ហាឈឺចង្កេះ ដែលយើងតែងជួបញឹកញាប់!

អាការៈឈឺចង្កេះ គឺជារោគសញ្ញាមួយដែលកើតមានឡើងជាញឹកញាប់ និងទូទៅមិនមានសភាពធ្ងន់ធ្ងរទេ តែជាមូលហេតុចម្បងដែលធ្វើអោយអ្នកជំងឺភាគច្រើនធ្វើការងារមិនបាន ឫរំខានញឹកញាប់កិច្ចការប្រចាំថ្ងៃ។ ការឈឺចង្កេះអាចកើតលើមនុស្សគ្រប់វ័យ ហើយភាគច្រើននៅក្នុងអាយុចន្លោះពី ៤៥ ទៅ ៥០ ឆ្នាំ។ ប្រសិនបើយើងមិនបានធ្វើការព្យាបាលអោយបានត្រឹមត្រូវនោះទេ បញ្ហាឈឺចង្កេះនេះ នឹងអាចវិវត្តន៍ទៅជាជំងឺរ៉ាំរ៉ៃ ឬធ្ងន់ធ្ងរបាន។​ ចំណុចសំខាន់ខាងក្្រោមជាមូលហេតុបណ្តាលឲ្យមានការឈឺចង្កេះ។

ក) មានមូលហេតុជាច្រើនដែលបណ្តាលអោយឈឺចង្កេះរួមមាន៖

  • វិបត្តិសាច់ដុំ សរសៃពួរតឆ្អឹងត្រង់សន្លាក់
  • ការសឹកសន្លាក់ឆ្អឹង ឬដោយសារការពុកឆ្អឹងចង្កេះ
  • ការរលាកសន្លាក់ឆ្អឹង និងឆ្អឹងចង្កេះ
  • ភាពចុះខ្សោយ និងការលូនមកក្រៅនៃទ្រនាប់ឆ្អឹង
  • ការបាក់បែកឆ្អឹងចង្កេះដែលបណ្តាលមកពីគ្រោះថ្នាក់ ប៉ះទង្គិច ធ្លាក់ពីទីខ្ពស់ និងរអិលជាដើម
  • ការគាប ឬសង្កត់ទៅលើសរសៃប្រព័ន្ធប្រសាទ
  • ជំងឺមហារីក ។ល។
  • បញ្ជាក់៖ មូលហេតុភាគច្រើនបណ្ដាលមកពីការលូនមកក្រៅនៃទ្រនាប់ឆ្អឹង ហើយប្រសិនបើមិនបានធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័ស និងព្យាបាលឲ្យបានត្រឹមត្រូវ វាអាចផ្ដល់ផលវិបាកដូចជា ពិការជើង វិបត្តិបន្ទោរបង់ និងការឈឺចាប់ខ្លាំងរហូតមិនអាចធ្វើការបាន។

ខ) កត្តាប្រឈមមុខនឹងបញ្ហាឈឺចង្កេះមានដូចជា៖

  • អ្នកធ្វើការងារដោយប្រើកំលាំងកាយខ្លាំងដូចជា លីសែងរបស់ធ្ងន់ៗ
  • អ្នកធ្វើការងារដែលអង្គុយ ឬឈរដោយប្រើរយៈពេលយូរ
  • ស្ត្រីមានផ្ទៃពោះ មនុស្សធាត់ មនុស្សចាស់ជរា
  • អ្នកដែលពុំសូវបានហាត់ប្រាណជាប្រចាំ
  • ស្ត្រីដែលចូលចិត្តពាក់ស្បែកជើងកែងខ្ពស់ៗ

គ) ការធ្វើរោគវិនិច្ឆ័យត្រូវពឹងផ្អែកលើ៖

  • ការសាកសួរពីរោគសញ្ញា និងការពិនិត្យមើលអ្នកជំងឺ
  • ការពិនិត្យមើលឈាមមួយចំនួនទៅតាមប្រភេទជំងឺ
  • ការថតឆ្លុះឆ្អឹងខ្នងដោយម៉ាស៊ីន កាំរស្មីអ៊ិច អ៊ឹមអរអាយ ស្កាន់នែរ (X-Ray, MRI, Scanner) ជាដើម។

ឃ) ការព្យាបាល៖ ការព្យាបាលគឺអាស្រ័យទៅលើការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងការពិភាក្សាជាមួយគ្រូពេទ្យទៅតាមជំនាញឯកទេសពិតប្រាកដ ព្រមទាំងមានឧបករណ៍ពិនិត្យទំនើបដើម្បីទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងប្រកបដោយការជឿទុកចិត្ត។

  • ការព្យាបាលគឺទៅតាមប្រភេទជំងឺមានដូចជា៖
    • ការព្យាបាលដោយប្រើប្រាស់ថ្នាំ
    • ការវះកាត់
    • ការព្យាបាលដោយចលនា
    • ការសម្រាកពីការងារទៅតាមសភាពធ្ងន់ធ្ងរនៃជំងឺ
    • ការអប់រំពីរបៀបរស់នៅដែលល្អសម្រាប់អ្នកមានបញ្ហាឈឺចង្កេះ
  • សូមកុំទុកអោយបញ្ហាឈឺចង្កេះនេះរំខានដល់ការរស់នៅរបស់លោកអ្នកតទៅទៀត ដោយសូមឆាប់មកពិនិត្យជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរទៅថ្ងៃក្រោយ។»

អត្ថបទដែលជាប់ទាក់ទង