គួរឱ្យសរសើរ! ពលរដ្ឋ និង អាជីវករនៅស្ទឹងត្រែង ឈរគោរពទង់ជាតិស្រុះគ្នាល្អណាស់ ទោះភ្លៀងកំពុងធ្លាក់ខ្លាំង(វីដេអូ)

មួយរយៈចុងក្រោយនេះ ផ្សារសាមគ្គី ដែលមានទីតាំងស្ថិតនៅក្នុងខេត្តស្ទឹងត្រែង កំពុងធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាំគ្នាផ្ទុះការចាប់អារម្មណ៍ បន្ទាប់ពីបានឃើញសកម្មភាពបងប្អូនអាជីវករ និង បងប្អូនប្រជាពលរដ្ឋជាច្រើន តែងនាំគ្នាឈរគោរពទង់ជាតិជាប្រចាំ រាល់ពេលដែលបានឮភ្លេងជាតិបន្លឺសំឡេងឡើងម្ដងៗ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ នេះ តាមរយៈទូរទស្សន៍ខេត្តស្ទឹងត្រែង បានបង្ហាញពីទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ និង អាជីវករផ្សារសាមគ្គី ខេត្តស្ទឹងត្រែង បាននាំគ្នាឈរគោរពទង់ជាតិ និង ភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា បើទោះបីជាព្រឹកនេះមានភ្លៀងបង្អុរធ្លាក់មកយ៉ាងណាក៏ដោយ ក៏នៅតែនាំគ្នាក្រោកឈរប្រុងប្រៀបគោរពទង់ជាតិ រហូតទាល់តែចប់សេចក្ដី។

តាមរយៈសកម្មភាពនេះ បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម កាន់តែនាំគ្នាស្ញើចសរសើរមិនដាច់ពីមាត់ចំពោះបងប្អូនអ្នកខេត្តស្ទឹងត្រែង ដ្បិតថានៅចំណុចផ្សារសាមគ្គី ខេត្តស្ទឹងត្រែងនេះ តែងតែប្រកាន់ខ្ជាប់ការគោរពទង់ជាតិជាប្រចាំពុំដែលខាន មិនថាភ្លៀងខ្យល់ដូចថ្ងៃនេះឡើយ ជាគំរូដ៏ប្រពៃដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាចែករំលែកបន្តគ្នាព្រោងព្រាត៕

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង