ថតបានស្ដែងៗនៅចិន រន្ទះជាច្រើនគ្រាប់បាញ់ប្រសាចចូលសមុទ្រជាសញ្ញាមុនព្យុះសង្ឃរា យាកជី បោកបក់ដល់

នៅវេលាម៉ោងប្រមាណ ១២ និង ៤៨ យប់រំលងអធ្រាត្រថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ (ពេលវេលាក្នុងតំបន់) រន្ទះបាញ់ជាច្រើនគ្រាប់បានកើតមានឡើងនៅច្រកសមុទ្រ Qiongzhou Strait ខេត្ត Guangdong ប្រទេសចិន ហាក់ជាសញ្ញាបង្ហាញឱ្យដឹងពីភាពខ្លាំងក្លានៃព្យុះសង្ឃរា យាកជី (Yagi) ដែលកំពុងតែបោកបក់ឆ្ពោះទៅកាន់ប្រទេសចិននោះ។ តាមខាងរដ្ឋបាលឧតុនិយមប្រចាំប្រទេសចិនបានឱ្យដឹងទៀតថា ដោយសារតែឥទ្ធិពលនៃព្យុះសង្ឃរាមួយនេះ បាតុភូតរន្ទះបាញ់ដ៏ខ្លាំងក្លាក៏បានវាយប្រហារលើទីក្រុង Haikou ខេត្ត Hainan ផងដែរ។

រូបភាពដែលថតបានទាំងនេះបានទាក់ទាញចំណាប់អារម្មណ៍មហាជនក្នុងប្រទេសចិនជាច្រើន រហូតធ្វើឱ្យពួកគេភ័យខ្លាចនាំគ្នាចែករំលែកបន្តព្រោងព្រាត។ មនុស្សជាច្រើនបានចូលទៅបញ្ចេញមតិថា ទិដ្ឋភាពនេះមើលទៅដូចខ្លាំងទៅនឹងឈុតក្នុងរឿងដែលនិយាយពីចុងបញ្ចប់នៃពិភពលោក។

នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅដដែល មណ្ឌលព្យាករណ៍អាកាសធាតុប្រចាំខេត្ត Hainan ប្រទេសចិនបានដំឡើងសញ្ញាអាសន្នពីកម្រិតពណ៌លឿងទៅពណ៌ទឹកក្រូច រួមទាំងក្រើនរំឭកដល់ពលរដ្ឋរបស់ខ្លួនឱ្យប្រុងប្រយ័ត្នចំពោះព្យុះ និង ខ្យល់បោកបក់ដ៏ខ្លាំងក្លានៅច្រកសមុទ្រ Qiongzhou Strait។ ជាការការពារនឹងគ្រោះធម្មជាតិដែលមិនអាចគេចផុតនេះ ខាងកងកម្លាំងប្រចាំខេត្តក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការសង្គ្រោះ ក៏ដូចជាការពារសុវត្ថិភាពប្រជាពលរដ្ឋតាមដែលអាចធ្វើបានបំផុត៕

ប្រភព៖ Kenh14

អត្ថបទដែលជាប់ទាក់ទង