ហាងកាបូប និង ឃ្លាំងផ្ទុកអីវ៉ាន់ក្លែងក្លាយប្រមាណ ២ ម៉ឺនមុខ ត្រូវអាជ្ញាធរថៃចុះចាប់ផ្អើលផ្សារទំនើបមួយកន្លែងនៅបាងកក

ថ្មីៗនេះ សារព័ត៌មាន Kaosod បានរាយការណ៍ឱ្យដឹងថា ខាងមន្ត្រីនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) បានចុះទៅពិនិត្យនាហាង និង ឃ្លាំងលក់របស់ប្រ៊េនល្បីចំនួន ១១ កន្លែងនៅក្នុងផ្សារទំនើបល្បីមួយក្នុងតំបន់ Pathumwan នៃទីក្រុងបាងកក ក្រោយពីសង្ស័យថាមានលក់ដូររបស់ក្លែងក្លាយ។

ក្នុងការចុះទៅលើកនេះ អាជ្ញាធរបានរកឃើញផលិតផលដែលក្លែងក្លាយរបស់ប្រ៊េនល្បីៗដូច LOUIS VUITTON, CHANEL, GUCCI, DIOR និង ប្រ៊េនផ្សេងៗទៀត ជាង ២០០០០ ប្រភេទ ដូចជាកាបូប វ៉ែនតា ទឹកអប់ នាឡិកា មួក និង របស់ផ្សេងៗទៀត ដែលមានតម្លៃខូចខាតសរុបប្រហែល ២០ លានបាតឯណោះ។

យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា​ ករណីនេះត្រូវបានចាត់តាំងជាករណីពិសេសលេខ ៩១/២០២៤ ដែលជាបទល្មើសក្រោមច្បាប់ពាណិជ្ជសញ្ញារបស់ថៃ ហើយក្នុងនោះអាជ្ញាធរក៏បានរឹបអូសផលិតផលទាំងអស់ ដើម្បីត្រួតពិនិត្យ និង ប្រើប្រាស់ជាភស្តុតាងក្នុងនីតិវិធីច្បាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង