កុំភ្លេច! ព្រះខ័នរាជស្វាយរៀង ប៉ះ Terengganu ម៉ោង ៨យប់នេះ ក្នុងវគ្គចែកពូលជើងឯកក្លិបបាល់ទាត់អាស៊ាន
(ភ្នំពេញ)៖ ក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Terengganu FC របស់ម៉ាឡេស៊ី នាវេលាម៉ោង ៨យប់(ម៉ោងនៅកម្ពុជា) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នេះ ដែលជាជំនួបបើកឆាកវគ្គចែកពូល នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន (ASEAN Club Championship Shopee Cup 2024-2025) ពូល A នៅពហុកីឡដ្ឋាន SULTAN MIZAN ZAINAL ABIDIN នៃរដ្ឋ Terengganu ប្រទេសម៉ាឡេស៊ី។
គួរដឹងថា ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវតតាំងជាមួយគូប្រជែង ៥ក្រុមផ្សេងទៀតក្នុងពូល បន្ទាប់ពីទម្លាក់ក្រុម Young Elephants របស់ឡាវ ក្នុងវគ្គជម្រុះ ពោលគឺមានក្រុមម៉ាឡេស៊ី Terengganu FC, ក្រុមថៃ BG Pathum United, ក្រុមវៀតណាម Dong A Thanh Hoa FC និងក្រុមមីយ៉ាន់ម៉ា Shan United។ ក្នុងចំណោម ៥ប្រកួតនៃវគ្គចែកពូលនេះ ក្រុមជើងឯកលីគកំពូលកម្ពុជា នឹងត្រូវប្រកួតក្រៅដី ៣ប្រកួត និងក្នុងដៃ ២ប្រកួត។
លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតដំបូងថា វាជារឿងចៃដន្យមួយ ដែលការចាប់ឆ្នោតក្រុមខ្លួន ត្រូវជួបក្រុមខ្លាំងក្រៅដី ២ប្រកួតជាប់គ្នា ពោលគឺត្រូវជួបក្រុម Terengganu FC និងក្រុម BG Pathum United។ យ៉ាងណាលោកបានប្រាប់កូនក្រុមឲ្យគិតវិជ្ជមានចំពោះការប្រកួតនេះ ដើម្បីបង្ហាញពីកម្រិតនៃការប្រកួតប្រជែងរបស់ខ្លួន ពិសេសជំនួបបើកឆាកជាមួយក្រុមរបស់ម៉ាឡេស៊ីថ្ងៃនេះ។
លោកបន្ដថា «ខ្ញុំរំភើបណាស់ ទោះបីវាជាការប្រកួតដ៏លំបាកមួយ តែយើងមានកម្លាំងចិត្តខ្ពស់ក្នុងការលេង។ ដូចរាល់ដង ពួកយើងចង់បានគ្រាប់បាល់ ហើយខ្ញុំគិតថា ពួកគេ (Terengganu) ក៏ចង់បានដូចគ្នា ។ ដូច្នេះចាំមើលអ្នកណាអាចធ្វើវាបាន? ប៉ុន្ដែត្រូវហើយ យើងដឹងថាពួកគេមានកីឡាករដែលមានទេពកោសល្យខ្លាំងណាស់ ទាំងកីឡាករក្នុងស្រុក និងកីឡាករបរទេស សុទ្ធតែមានកម្រិតល្អដូចគ្នា ប៉ុន្ដែយើងក៏មានកីឡាករកម្ពុជាល្អៗ និងកីឡាករបរទេសល្អផងដែរ។ យើងនឹងរកគ្រាប់បាល់ឲ្យបានដូចរាល់ដង ហើយគ្រប់គ្រងស្ថានការណ៍លើទីលាន ព្យាយាមបង្កើតឱកាសឲ្យបានច្រើន យើងនឹងព្យាយាមបញ្ឈប់ចំណុចខ្លាំងរបស់ពួកគេ»។
គួរដឹងថា ក្រោយជួបក្រុមខ្លាំងម៉ាឡេស៊ី Terengganu FC នារាត្រីនេះ ក្រុមកំពុងគ្រងកំពូលតារាងលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២៤-២០២៥ ព្រះខ័នរាជស្វាយរៀង នឹងត្រូវបន្ដការប្រកួតទី២ របស់ខ្លួន ជាមួយក្រុម BG Pathum United នាថ្ងៃទី២៥ ខែកញ្ញា។ បន្ទាប់មកនៅថ្ងៃទី០៨ ខែមករា ទើបបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុម PSM Makassar របស់ឥណ្ឌូនេស៊ី ហើយចេញទៅប្រកួតក្រៅដីជាថ្មី ជាមួយក្រុមវៀតណាម Dong A Thanh Hoa FC នាថ្ងៃទី២២ ខែមករា ខណៈការប្រកួតចុងក្រោយ នឹងធ្វើឡើងនៅទឹកដីកម្ពុជាវិញ ជាមួយក្រុម Shan United របស់មីយ៉ាន់ម៉ា នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ៕