នៅវៀតណាម មនុស្សរាប់រយនាក់វេចកន្ទេល-ខ្នើយ មកដេកពេញមុខផ្សារចាំទិញតុក្កតា Labubu

កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ មនុស្សរាប់រយនាក់ក្នុងប្រទេសវៀតណាមបាននាំគ្នាទៅចាប់កន្លែង ដោយខ្លះយកអាហារយកទឹក យកកៅអីកន្ទេលខ្នើយដេកចាំតាំងពីថ្ងៃត្រង់រហូតដល់ព្រឹកថ្ងៃបន្ទាប់ ដើម្បីតែអាចមានឱកាសទិញតុក្កតា Labubu ដែលជាតុក្កតាកំពុងផ្ទុះល្បីខ្លាំងសព្វថ្ងៃនេះ។

តាមអ្នកតំណាងផ្នែកសន្តិសុខផ្សារបានឱ្យដឹងថា ហេតុការណ៍ដែលរៀបរាប់ខាងលើនេះតែងកើតឡើងពីមួយទៅបីថ្ងៃ (ម្ដងក្នុងមួយខែ) ទៅតាមការមានចេញផលិតផលថ្មីពី Pop Mart។ រាល់យប់ មនុស្សប្រមាណ ២០០ ទៅ ៥០០ នាក់បាននាំគ្នាតម្រង់ជួររង់ចាំតាំងពីយប់រហូតដល់ម៉ោង ៦ ព្រឹកថ្ងៃបន្ទាប់ដើម្បីចាប់លេខ។ បានលេខហើយពួកគេនៅបន្តរង់ចាំរហូតដល់ម៉ោង ៩ ព្រឹកទៀតទម្រាំតែហាងគេបើក។

អ្នកតំណាងដដែលបានបន្តទៀតថា អ្នកមករង់ចាំទិញទាំងនោះធម្មតាគឺយកអាហារ កង្ហារ និង កន្ទេល ឬ កម្រាលជ័រទ្រាប់ខ្លួនដេកចាំដាច់យប់។ ពួកគេតែងតែថតភ្ញៀវមកតម្រង់ជួរចាំទាំងនោះជានិច្ចដើម្បីបញ្ចៀសបញ្ហាអ្នកមកក្រោយចូលបានមុន។

គួរបញ្ជាក់ថា តុក្កតា Labubu បច្ចុប្បន្ននេះកំពុងតែផ្ទុះការពេញនិយមខ្លាំងមែនទែន មិនថាតែប្រទេសថៃ វៀតណាមនោះទេ សូម្បីតែកម្ពុជាក៏ផ្អើលខ្លាំងផងដែរ។ Labubu គឺជាតុក្កតាដែលមានត្រចៀកបាស់ឡើងលើ និង ធ្មេញស ដោយធម្មតាតុក្កតានេះ មានកម្ពស់ ១៨ សង់ទីម៉ែត្រ ប៉ុន្តែក៏មានខ្លះ ២៨ សង់ទីម៉ែត្រផងដែរ ចំណែកឯតម្លៃវិញក៏ថ្លៃមិនធម្មតានោះដែរដោយខ្លះខ្ទង់រយដុល្លារ និង ខ្លះដល់ខ្ទង់ពាន់ដុល្លារក៏មាន៕

ប្រភព៖ VN Express

 

អត្ថបទដែលជាប់ទាក់ទង