តារាសម្ដែង ម៉ាដូណា បានយកគ្រឿងអលង្ការមានតម្លៃផ្សេងៗទៅលក់បន្ទាន់ ដើម្បីយកលុយព្យាបាលជំងឺម្ដាយ កំពុងឈឺធ្ងន់នៅបន្ទប់ ICU
នៅប៉ុន្មានថ្ងៃមុន តារាសម្ដែង ម៉ាដូណា បានប្រកាសដំណឹងដ៏គួរឱ្យព្រួយបារម្ភមួយនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក បង្ហាញពីទិដ្ឋភាពអ្នកម្ដាយជាទីស្រឡាញ់កំពុងធ្លាក់ខ្លួនឈឺធ្ងន់ កំពុងសម្រាកនៅលើគ្រែពេទ្យមិនដឹងស្មារតី ដោយលោកអះអាងថា អ្នកម្ដាយបានដាច់សរសៃឈាមខួរក្បាល។
មិនបង្អង់យូរឡើយ ម៉ាដូណា បានបញ្ជូនម្ដាយទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រជាបន្ទាន់ ហើយក្រុមគ្រូពេទ្យជំនាន់ក៏បានបញ្ជូនទៅព្យាបាលនៅបន្ទប់ ICU ដើម្បីធ្វើការវះកាត់ និង តាមដានស្ថានភាពអ្នកជំងឺជាបន្ត។
មកដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤ ម្សិលមិញ ម៉ាដូណា បានបញ្ជាក់ពីស្ថានភាពអ្នកម្ដាយជាថ្មី ដោយប្រាប់ថា ការវះកាត់បានជោគជ័យហើយ ប៉ុន្ដែដំណាក់កាលព្យាបាលនេះ ត្រូវការចំណាយលុយច្រើនណាស់។
ខណៈកំពុងពិបាកចិត្តនឹងស្ថានភាពជំងឺរបស់អ្នកម្ដាយ ណាត្រូវមើលថែទាំគាត់ផង ក្នុងនោះ ម៉ាដូណា ក៏ឆ្លៀតទទួលការងារផ្សេងៗ ដើម្បីបានកម្រៃបង់ថ្លៃព្យាបាល ហើយលើសពីនេះ បើតាមគណនីហ្វេសប៊ុករបស់លោក តារាប្រុសរូបនេះ បានយកគ្រឿងអលង្ការមានតម្លៃផ្សេងៗទៅលក់បន្ទាន់ ដើម្បីយកលុយព្យាបាលជំងឺម្ដាយ បង្ហាញពីភាពកតញ្ញូ និង ទំនួលខុសត្រូវគួរឱ្យកោតសរសើរក្នុងនាមជាកូនប្រុសម្នាក់៕