សមត្ថកិច្ចជំនាញខេត្តកំពង់ស្ពឺ បានឆ្មក់ចូលបង្រ្កាបចាប់ និង រំដោះនារីដែលមិនទាន់គ្រប់អាយុ ចេញពីទីតាំងខារ៉ាអូខេមួយកន្លែង ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៤ នេះ បានជូនដំណឹងពីករណីសមត្ថកិច្ចជំនាញខេត្តកំពង់ស្ពឺ បានឆ្មក់ចូលបង្រ្កាបចាប់ និង រំដោះនារីដែលមិនទាន់គ្រប់អាយុ ចេញពីទីតាំងខារ៉ាអូខេមួយកន្លែង ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមប្រភពបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ កម្លាំងផែនប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន ដោយបានទទួលបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង មានការដឹកនាំផ្ទាល់ពីលោកស្រីឧត្ដមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និង បានកិច្ចដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក ចក សម្បត្តិ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ រួមជាមួយក្រឡាបញ្ជីនិងមានការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន បានបើកប្រតិបត្ដិការឆ្មក់ចូលបង្រ្កាបរំដោះនារីក្មេងៗមិនទាន់គ្រប់អាយុនៅក្នុងទីតាំងខារ៉ាអូខេ ១ កន្លែងដែលមាន យីហោ បុប្ផាថ្មី ស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជាក់ស្តែងទីតាំងខាងលើ សមត្ថកិច្ចរកឃើញថាពិតជាបានទទួលយកនារីក្មេងៗមិនទាន់គ្រប់អាយុឱ្យចូលមកបម្រើការនៅទីតាំងខារ៉ាអូខេពិតប្រាកដមែន និង អាចមានការសង្ស័យលួចអនុញ្ញាតឱ្យផ្ដល់សេវារួមភេទដល់ភ្ញៀវផងដែរ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញអ្នកពាក់ព័ន្ធចំនួន ៥ នាក់ ដែលអាចមានការពាក់ព័ន្ធបើកទីតាំងខាងលើ (ក្នុងពេលប្រតិបត្ដិការគឺអ្នកទាំង ៥ មានវត្ដមានឋិតក្នុងទីតាំង)។ បច្ចប្បន្នកម្លាំងសមត្ថកិច្ចនគរបាល បាន និង កំពុងដំណើរការនីតិវិធីសាកសួរលើបុគ្គលសង្ស័យទាំង ៥ ក្នុងការរកឱ្យឃើញអ្នកទទួលខុសត្រូវ និង បន្ដចំណាត់ការដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង