អាជ្ញាធរជាតិអប្សរា ស្រាយបញ្ជាក់ ៤ ចំណុច ក្រោយផ្ទុះការជជែកពីតម្លៃសេវាកម្មថតវីដេអូ និងរូបភាពមានតម្លៃថ្លៃ

នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៤ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាសព័ត៌មាន បន្ទាប់ពីមានការចុះផ្សាយ ក៏ដូចជាការពិភាក្សាគ្នានៅតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹងតម្លៃសេវាកម្មថត វីដេអូ និងរូបភាពរបស់អាជ្ញាធរជាតិអប្សរា ដោយបានលើកឡើងថា មានតម្លៃថ្លៃជាដើម។

ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ជូនសាធារណជនទាំងអស់ ឱ្យបានជ្រាបដូចខាងក្រោម៖

១. តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្ម ដែលបានកំណត់ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៤ គឺជាតម្លៃនៃសេវាកម្មដែលបានអនុវត្តតាំងពីអំឡុងឆ្នាំ ២០១២ មកម៉្លេះ និងពុំមានការតម្លើងតម្លៃណាមួយឡើយ។ ក្នុងនោះតម្លៃមួយចំនួនទៀតសោត ក៏ត្រូវបានកែសម្រួលបន្ថយផងដែរ។

២. តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្មនានាដែលដាក់ឱ្យអនុវត្តមានចំនួន ៤ ជម្រើស។ អ្នកត្រូវ ការប្រើប្រាស់សេវាអាចជ្រើសរើសយកជម្រើសណាមួយតាមតម្លៃសមរម្យ ដែលចង់បាន (សូមអានតារាងតម្លៃសេវាសាធារណៈផ្លូវការ ដែលមានក្នុងគេហទំព័រហ្វេសប៊ុកផេកផ្លូវការ របស់អាជ្ញាធរជាតិអប្សរា)។

៣. រាល់តម្លៃសេវាទាំងអស់ ត្រូវបង់ផ្ទាល់ទៅក្នុងធនាគារជាតិសាខាខេត្តសៀមរាប។

៤. អាជ្ញាធរជាតិអប្សរា អំពាវនាវដល់សាធារណជនទាំងអស់ បញ្ឈប់ការចែករំលែក ព័ត៌មានដែលផ្ទុយពីការពិត និងចូលរួមចែករំលែកនូវព័ត៌មានពិតដែលមានប្រភព ច្បាស់លាស់។

តាមរយៈការបញ្ចេញមតិបន្ថែមរបស់អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ជូនថា៖

១. រាល់ការថតផ្សព្វផ្សាយទាំងវីដេអូ និងរូបសន្លឹក ពុំមានបង់សេវា ឬដាក់ពាក្យនោះទេ។ បងប្អូនមានការយល់ច្រឡំថា ការផ្សព្វផ្សាយគ្រប់ទម្រង់ត្រូវបង់ប្រាក់។ យើងពុំតម្រូវឱ្យបង់ប្រាក់នោះទេ។

២. ការដែលត្រូវបង់ប្រាក់គឺសំដៅលើការថតទៅរកប្រាក់ចំណេញ ដែលហៅថា ការថតរូបភាពបែបអាជីវកម្ម។ នៅកន្លែងដទៃ ក៏គេតម្រូវឱ្យបង់ប្រាក់ដែរ។

៣. ប្រភេទសេវាក៏មានជម្រើស ប្រសិនបើអ្នកត្រូវការប្រើសេវា នោះអ្នកមាន​ ៤ ជម្រើសត្រូវជ្រើស ហើយជម្រើសនីមួយៗមានតម្លៃផ្សេងៗគ្នា។ អ្នកត្រូវការប្រើសេវា អាចជ្រើសរើសសេវាដែលស្រមតាមតម្រូវការខ្លួនឯង។

៤. ប្រាក់ចំណូលពីផ្នែកនេះ គឺចូលជាថវិការដ្ឋ ព្រោះត្រូវបង់ចូលគណនីក្នុងធនាគារជាតិ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង