រឿងដ៏គួរឱ្យប្រុងប្រយ័ត្ន ! បុរសម្នាក់ ប៊ិះត្រូវគេដាក់ថ្នាំ ពេលអង្គុយនៅចំណតឡានក្រុងម្នាក់ឯង ទល់មុខវត្តមួយកន្លែងនៅភ្នំពេញ
ជារឿងដ៏គួរឱ្យប្រុងប្រយ័ត្ន ជាពិសេសសម្រាប់យុវវ័យ ដែលថ្មីៗនេះ មានយុវជនមួយរូបបានបង្ហោះសាររៀបរាប់ពីបទពិសោធលើកទីមួយក្នុងឆាកជីវិតរបស់ខ្លួន ដែលជួបប្រទះរឿងហេតុមានគេចង់ដាក់ថ្នាំ នៅចំណតឡានក្រុងមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ម្ចាស់គណនីដែលមានឈ្មោះ Chhorn Puthirith បានបង្ហោះសារនៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៤ បង្ហាញពីស្មារតីដាស់តឿនឱ្យមហាជនបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីខ្លួនបានជួបប្រទះនូវរឿងហេតុដែលមានដំណើររៀបរាប់ដូចតទៅ ៖ «ល្ងាចមិញម៉ោងប្រហែល ៦ ជាង ខ្ញុំបានដើរហាត់ប្រាណតាមផ្លូវជាតិលេខ 6A ពីហាង Mekong Cafe (នៅម្ដុំរង្វង់មូលនាងមច្ឆា) ទៅផ្ទះរបស់ខ្ញុំនៅ The floora (ដែលមានចម្ងាយប្រហែលជា ១២ គីឡូម៉ែត)។ ពេលដែលខ្ញុំដើរបានមួយសន្ទុះធំម៉ោងជិតប្រាំពីរ ខ្ញុំក៏បានអង្គុយសម្រាកនៅចំណតឡានក្រុងមួយនៅទល់មុខវត្ត (ដូចនៅក្នុងរូប) ដោយសាររៀងចុកជើង ហើយគិតថានៅម្ដុំហ្នឹងមានមនុស្សច្រើនព្រោះមានគេលក់អីនៅជិតហ្នឹងផង»។
ម្ចាស់គណនីបានបន្តទៀតថា «អង្គុយបានប្រហែល ១០ នាទី ស្រាប់តែមានបុរសម្នាក់មានស្ពាយកាបូបតូចមួយ គាត់បានមកអង្គុយជិតខ្ញុំហើយក្នុងចិត្តខ្ញុំគិតថាគាត់ប្រហែលជាមកចាំឡានក្រុងអីចឹងទៅ ប៉ុន្តែពេលនោះស្រាប់តែគាត់បានដកកាបូបលុយចេញពីក្នុងហោប៉ៅហើយបានសួរខ្ញុំថា ខ្ញុំហ្នឹងចេះមើលលុយដែរឬអត់? ហើយក៏ហុចលុយរបស់គាត់ឱ្យខ្ញុំ (ក្នុងបំណងចង់ឱ្យខ្ញុំកាន់លុយរបស់គាត់) ខ្ញុំឃើញបែបនេះក៏មានអារម្មណ៍ចម្លែកហើយខ្ញុំក៏បានបដិសេធគាត់ភ្លាមៗ និងងើបដើរចេញ ប៉ុន្តែគាត់ក៏ងើបតាមខ្ញុំហើយដើរមករកខ្ញុំ។ ខ្ញុំរៀងភ័យដែរ អត់ចាំយូរទេក៏បានរត់យកៗដល់កន្លែងគេលក់ចាបហួយទើបលែងឃើញគាត់ ហើយក៏បានឡើងជិះឡានក្រុងសាធារណៈមកផ្ទះ»។
យុវជនរូបនេះបានបន្តទៀតថា ៖ំ«ពេលចូលក្នុងឡាន ខ្ញុំក៏បានប្រាប់រឿងទៅពូតៃកុងឡាន គាត់ក៏បានស្គាល់ហើយនិយាយថាកាលពីមុនបុរសហ្នឹងធ្លាប់សុំឡានក្រុងគាត់ជិះ ហើយក្នុងកាបូបតូចដែលបុរសនោះស្ពាយ មានកាំបិតមានអីទៀតផងទើបបានគាត់ឈប់ឱ្យបុរសនោះជិះទៀត (ឮហើយរន្ធត់ចិត្ត)។ សរុបមកខ្ញុំគ្រាន់តែចង់ផ្ដាំដល់បងប្អូនទាំងអស់គ្នាជាពិសេសក្មេងៗ ឱ្យចេះប្រុងប្រយ័ត្នកុំទុកចិត្តមនុស្សណាដែលអត់ស្គាល់មុខ ហើយជាពិសេសកុំនៅកន្លែងណាស្ងាត់ៗម្នាក់ឯង កុំឱ្យជួបរឿងដូចខ្ញុំ»៕