តំបន់ក្បែរស្តាតប្រកួតអូឡាំពិកនៅប៉ារីស ត្រូវបិទខ្ទប់បន្ទាន់ ក្រោយប៉ូលិសរកឃើញរបស់មួយសង្ស័យជាគ្រាប់បែក
ដំណឹងពីការដាក់គ្រាប់បែក ត្រូវបានប្រកាសឡើងក្នុងក្រុងប៉ារីស ក្រោយប៉ូលិសបានប្រទះឃើញវត្ថុគួរឱ្យសង្ស័យមួយ នៅក្នុងតំបន់ក្បែរពហុកីឡដ្ឋានប្រកួតកីឡាអូឡាំពិក។
តំបន់ជុំវិញស្ថានីយរថភ្លើង Porte de Paris ក្នុងតំបន់ Saint-Denis ត្រូវបានប្រកាសបិទខ្ទប់ជាបន្ទាន់ ខណៈប៉ូលិសរង់ចាំក្រុមអ្នកជំនាញផ្នែកគ្រាប់បែក មកត្រួតពិនិត្យបញ្ជាក់ ក្រោយរកឃើញវត្ថុគួរឱ្យសង្ស័យ នេះបើតាមការចេញផ្សាយដោយ Bild។ ស្ថានីយរថភ្លើងនោះដែរ គឺមានទីតាំងជិតទៅនឹងពហុកីឡដ្ឋាន Stade de France ដែលជាកន្លែងប្រកួតកីឡាអូឡាំពិក តាំងពីថ្ងៃទី ០១ ខែសីហា កន្លងទៅ ក៏ត្រូវបានបិទដូចគ្នា ដើម្បីបញ្ចៀសហានិភ័យ។
តាមព័ត៌មានបានឱ្យដឹងដែរថា ចំពោះពហុកីឡដ្ឋានវិញ អំឡុងពេលប្រកាសថាមានគ្រាប់បែកនោះ គឺស្តាតមិនមានមនុស្សឡើយ ក្រោយការប្រកួតអូឡាំពិកជុំដំបូង ត្រូវបានបញ្ចប់នៅម៉ោង ១ រសៀល (ពេលវេលាក្នុងតំបន់)។
ចំពោះជុំទីពីរ គឺចាប់ផ្ដើមប្រកួតនៅម៉ោង ៥ និង ៤០ នាទីយប់ ដែលនឹងមានមនុស្សរាប់រយនាក់ចូលរួមជាថ្មី។ យ៉ាងណាមិញ មិនទាន់មានព័ត៌មានច្បាស់ការបញ្ជាក់ថា ទីតាំងស្ថានីយរថភ្លើងដែលរងការប៉ះពាល់នោះ នឹងបើកដំណើរការវិញហើយឬក៏យ៉ាងណានោះឡើយ តែយ៉ាងណា ខាងមន្ត្រីប៉ូលិស ក៏កំពុងបំពេញការពារយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានាសុវត្ថិភាពអ្នកដែលនៅតំបន់ដែលប៉ះពាល់នោះ។
តាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង Gerald Darmanin បានឱ្យដឹងថា៖ «ពួកយើងមិនមានរកឃើញការគំរាមកំហែងភេរវកម្មជាក់លាក់ណាមួយក្នុងសប្ដាហ៍ដំបូងនៃការប្រកួតកីឡាអូឡាំពិកនោះឡើយ»។ ដោយឡែក លោកក៏បានបន្ថែមដែរថា មានមនុស្សប្រមាណ ២០០ នាក់ត្រូវបានឃាត់ខ្លួន ជុំវិញបទល្មើសផ្សេងៗមួយចំនួនក្នុងពេលប៉ុន្មានសប្ដាហ៍នេះ។
គួរបញ្ជាក់ដែរថា ក្នុងការធានាសុវត្ថិភាពអំឡុងពេលប្រកួតកីឡាអូឡាំពិក បារាំងបានបញ្ជូនពង្រាយកងកម្លាំងប៉ូលិសដល់ ៤៥ ០០០ នាក់ មកពី ៤៣ ប្រទេស ក៏ដូចជាទាហាន ១៨ ០០០ នាក់ ដើរល្បាតផងដែរ។ បន្ថែមពីនេះ ខាងអង្គភាពទ័ពអាកាស ក៏រួមចំណែកក្នុងប្រតិបត្តិការពិសេសនេះផងដែរ រួមមានខាងយន្តហោះចម្បាំង Rafale, ខាងយន្តហោះឃ្លាំមើល AWACS យន្តហោះដ្រូន Reaper និងឧទ្ធម្ភាគចក្រដែលមានអ្នកជំនាញបាញ់ snipers ផងដែរ៕
ប្រភព៖ Dailymail