ចូលក្លឹបផឹកស៊ីស្រវឹង ដកកាំភ្លើងបាញ់ ផ្អើលភ្ញៀវ ភ្ញៀវរត់ជាន់ជើងគ្នា ត្រូវអាវុធហត្ថភ្នំពេញចាប់ខ្លួន២នាក់
បុរសម្នាក់ ដែលគេស្គាល់ ឈ្មោះ ខុន បញ្ចសិទ្ធិ ជាអ្នកមានជាន់ថ្មី ដោយសារការរកស៊ីខាងដីធ្លី កាលពីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀតដែលនៅសាឡុងក្បែរៗនោះ។ និងបានបាញ់ឡើងលើ០១គ្រាប់ ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅអនុវត្តតាមនិតិវិធី ព្រមទាំងដកហូតអាវុធខ្លីបាន ០២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ៕