ដឹងមូលហេតុហើយ ដែលពីឡុតនៅនេប៉ាល់រួចផុតជីវិតតែឯង ពេលយន្តហោះធ្លាក់
យន្តហោះធន់តូច ដែលបានធ្លាក់ផ្ទុះឆេះនៅដីក្បែរផ្លូវយន្តហោះក្នុងប្រទេសនេប៉ាល់បណ្ដាលឱ្យមនុស្ស ១៨ នាក់ស្លាប់ ដោយរួចអាយុជីវិតតែពីឡុតម្នាក់នោះ ឥលូវនេះដឹងមូលហេតុហើយ ដោយសារតែពេលធ្លាក់តួក្បាលយន្តហោះបានដាច់ចេញពីខ្លួន ហើយទៅជាប់នឹងក្នុងទូកុងតឺន័រ។
យន្តហោះធន់តូច Bombardier CRJ 200 របស់ក្រុមហ៊ុន Saurya Airlines បានជួបគ្រោះថ្នាក់ធ្លាក់ផ្ទុះឆេះ កាលពីរសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ (ពេលវេលាក្នុងតំបន់) ខណៈកំពុងតែហោះចេញពីព្រលានក្រុង Kathmandu បណ្ដាលឱ្យមនុស្សចំនួន ១៨ នាក់លើនោះបានស្លាប់ និងរស់រានតែពីឡុតម្នាក់តែប៉ុណ្ណោះ។
តាមការបញ្ជាក់ពីរដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិល Badri Pandey បានឱ្យដឹងថា យន្តហោះមួយគ្រឿងនេះ បានបត់ស្ដាំភ្លាមៗ អំឡុងពេលហោះចេញ ហើយក៏ទៅធ្លាក់នៅវាលតំបន់ភ្នំក្បែរផ្លូវរត់តែម្ដង។ យ៉ាងណាមិញ ដោយសារតែពេលធ្លាក់នោះ តួក្បាលយន្តហោះបានដាច់ជាប់ទៅនឹងកុងតឺន័រមួយ ខណៈតួខ្លួនបានបន្តធ្លាក់ទៅលើដីវាលរហូតផ្ទុះឆេះខូចខាតទាំងស្រុងតែម្ដង។ មូលហេតុនេះហើយ ទើបមានតែពីឡុតតែម្នាក់ ដែលអាចនៅរស់រាននោះ។
ក្រុមសង្គ្រោះបានទៅជួយពីឡុតដែលជាប់ក្នុងក្បាលយន្តហោះ ដោយបំបែកកញ្ចក់ទ្វារ ទាញជនរងគ្រោះចេញមកក្រៅ។ សភាពជនរងគ្រោះពេលនោះ មុខគឺរងរបួសធ្ងន់ ពោរពេញដាបដោយឈាម។ លោកត្រូវបានសង្គ្រោះចេញត្រឹម ៥ នាទីប៉ុណ្ណោះ ក្រោយយន្តហោះធ្លាក់ និងត្រូវបានរថយន្តសង្គ្រោះដឹកបន្តទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល៕
ប្រភព៖ VN Express