កម្ពុជា ទទួលឥទ្ធិពលព្យុះព្រះពិរុណ និងព្យុះហ្គ្សាមី បណ្ដាលឱ្យភ្នំពេញ និងខេត្តជាច្រើនធ្លាក់ភ្លៀង

ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ឱ្យបានដឹងថា ប្រព័ន្ធសម្ពាធទាបបានវិវត្តន៍ទៅជាព្យុះទី ៤ ឈ្មោះព្រះពិរុណ (Prapiroon) និងព្យុះឈ្មោះហ្គ្សាមី (Gaemi) គ្របដណ្តប់លើសមុទ្រចិនខាងត្បូង នៅមានឥទ្ធិពលលើសមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា និងភាគ កណ្តាលនៃអាងទន្លេមេគង្គ និងបណ្តាលឱ្យរបបខ្យល់មូសុងនិរតីមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤ មានលក្ខណៈដូចតទៅ៖

១. តំបន់វាលទំនាប

– សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិម មានល្បឿនមធ្យម ៤,៥០ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៣៥%។

២. តំបន់ខ្ពង់រាប

– សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៦,៥០ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៥០%។

៣. តំបន់មាត់សមុទ្រ

– សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣០°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម ៥,៥០ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១៥%។

– រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ១,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ ម៉ែត្រ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង