ជាង ១ សប្តាហ៍ហើយ ឧទ្ធម្ភាគចក្រដែលបាត់ដំណឹងនៅមិនទាន់ឃើញដាន ខណៈអាកាសធាតុកាន់តែពិបាកក្នុងការរក

មកដល់ព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៤ នេះ ក្រុមការងារកម្លាំងចម្រុះ នៅមិនទាន់រកឃើញដំរួយណា​មួយ​ពី​ឧទ្ធម្ភាគចក្រដែលបាត់ដំណឹងនៅឡើយទេ ដែលធ្វើឱ្យក្រុមគ្រួសារ ក៏ដូចជាមហាជនទាំងមូល នាំគ្នាបន់ស្រន់ទាំងយប់ទាំងថ្ងៃ សូមឱ្យមានអព្ភូតហេតុកើតឡើង ដោយសូមឱ្យមនុស្ស ២ នាក់ដែលនៅក្នុងឧទ្ធម្ភាគចក្រនោះ នៅរស់រានមានជីវិត។

យោងតាមហ្វេសប៊ុកផេក ក្រសួងការពារជាតិ បានជូនដំណឹងដល់សាធារណជនឱ្យដឹងថា ៖ «ឈានចូលដល់ថ្ងៃទី ០៨ អាកាសធាតុមានការប្រែប្រួលឆាប់រហ័ស កាន់តែផ្តល់ការលំបាកដល់បងប្អូនកងទ័ព កងកម្លាំង ក្នុងការរុករក និង សង្គ្រោះ ឧទ្ធម្ភាគចក្រមួយគ្រឿង ជាមួយនឹងមនុស្សពីរនាក់ដែលបានបាត់ដំណឹងតាំងពីល្ងាចថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤។ ទោះជាយ៉ាងណាក៏ដោយក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ជាពិសេសយោធភូមិភាគទី ៥ នៅតែបន្តផែនការយុទ្ធសាស្រ្តក្នុងការរុករករហូតដល់បេសកកម្មនេះបានសម្រេចលទ្ធផល»

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២០ កក្កដា នេះ មានរយៈពេលជាងមួយសប្ដាហ៍ហើយពីការបាត់ដំណឹងរបស់ឧទ្ធម្ភាគចក្រមួយនោះ ដែលបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្រ្តជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និង ខេត្តកោះកុង កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ ដោយនៅមិនទាន់រកឃើញដំរួយណាមួយនៅឡើយទេ ហើយទោះបីជាបែបនេះ កងកម្លាំងចម្រុះ នៅតែបន្តរុករកយ៉ាងខ្នះខ្នែងនៅក្នុងបេសកកម្មមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង