រាជធានីភ្នំពេញ នឹងរៀបចំការប្រគុំតន្ត្រីដ៏ធំមួយនៅកោះពេជ្រ ដើម្បីអបអរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ
ភ្នំពេញ៖ នៅថ្ងៃទី៥សីហាឆ្នាំ២០២៤ជាថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ សម្រាប់រាជធានីភ្នំពេញនឹងមានព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ ដោយរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ ១ម៉ឺននាក់ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ។
ក្នុងកិច្ចប្រជុំមួយដែលមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៧ កក្កដាឆ្នាំ២០២៤នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ក្នុងអំឡុងពេល នៃការបើកការដ្ឋាននេះនៅពេលព្រឹក គ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ ដោយមានការទូងស្គ ទះប៉ោត អោយមានភាព គគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារ សាសនា នានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គ ទះប៉ោតបែបនេះផងដែរ ។
ឯកឧត្ដម ឃួង ស្រេង បន្តទៀតថា៖ សម្រាប់ពេលរាត្រីថ្ងៃ០៥ សីហា ដដែល យើងក៏បានត្រៀមរៀបចំជាព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ នោះគឺការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ ១ម៉ឺននាក់ជាមួយនឹងការបាញ់កាំជ្រូចចំនួន ២លើក នៅម៉ោង ៧ និង ២០នាទី ១លើក និងនៅម៉ោង៩ និង ៩នាទីមួយលើកទៀត ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនះ។
ជាមួយគ្នានោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ការពារសន្តិសុខ សណ្តាប់ក្នុងពិធីខាងលើនេះអោយបានល្អ ដោយរៀបចំឱ្យមានជាទីបញ្ជាការស្រាល តូច ធំ ជាមួយការរៀបចំអនាម័យ បរិស្ថាន និងការពង្រាយបង្គន់អនាម័យឱ្យបានច្រើនកន្លែង បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលចូលរួម ។
គួរបញ្ជាក់ថា៖ គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោនេះ ដោយគ្រោងនឹងបើកការដ្ឋាននាថ្ងៃទី០៥ សីហា ២០២៤ខាងមុខនេះ ៕
8q