ប្រតិបត្តិការ ៤ ថ្ងៃ ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទងនៅមិនទាន់ប្រទះដាន ឯកម្លាំងចម្រុះកំពុងបន្តរុករកយ៉ាងសកម្ម
នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤ នេះ បានបញ្ជាក់ឱ្យបានដឹងថា រហូតដល់ព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤ នេះ ពុំទាន់មានដំរួយណាមួយពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទងនៅឡើយទេ ដោយនាយឧត្តមសេនីយ៍ បានអះអាងថា កម្លាំងចម្រុះកំពុងបង្កើនសកម្មភាពរុករកយ៉ាងស្វិតស្វាញ និងពង្រីកវិសាលភាពប្រតិបត្តិការរុករកកាន់តែធំជាងមុន។
នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា ៖ «ក្នុងប្រតិបត្តិការរយៈពេល ៤ ថ្ងៃមកនេះ មិនទាន់មានដំរួយណាមួយជាក់លាក់ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និង មនុស្ស ២ នាក់ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនោះនៅឡើយទេ ដោយសារតែកត្តាភូមិសាស្ត្រនៅតំបន់នោះមានភាពស្មុគស្មាញ ដូចជាបញ្ហាអាកាសធាតុ និង ព្រៃក្រាស់ ជាដើម។ ប៉ុន្តែទោះជាយ៉ាងនេះក្តី កងកម្លាំងរបស់យើងនៅតែបន្តខិតខំ និង ប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការរករុក ហើយនឹងមានការជូនដំណឹងដល់សាធារណជន និង អ្នកសារព័ត៌មានជាបន្តបន្ទាប់ នៅពេលទទួលបានលទ្ធផលណាមួយ»។
សូមរំឭកផងដែរថា នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៤ ក្រសួងការពារជាតិ បានជូនដំណឹងឱ្យបានដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿងបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្រ្តជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និង ខេត្តកោះកុង កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ ដែលមកទល់ពេលនេះកំពុងស្ថិតនៅក្នុងការរុករកជួយសង្រ្គោះនៅឡើយ ហើយសមាសភាពនៅក្នុងឧទ្ធម្ភាគចក្រនោះ មានចំនួន ២ នាក់ គឺអ្នកបើកបរ ១ នាក់ និង ជំនួយការបើកបរ ១ នាក់៕