សាច់មាន់បង្កកខូចគុណភាពជិត ២ ម៉ឺនគីឡូ ត្រូវបានបង្ក្រាបពេលឈ្មួញនាំចូលតាមទូកនៅច្រករបៀងបាក់ដៃ ទល់ដែនវៀតណាម
អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ នេះ បានជូនដំណឹងមួយស្តីពីការដុតកម្ទេចទំនិញហាមឃាត់នាំចូល និង ខូចគុណភាពប្រើប្រាស់ ជាបំណែកសាច់បង្កកចំនួន ១៧ ១៩៣ គីឡូក្រាម។
អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា បានបញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤ មន្ត្រីការិយាល័យស្រាវជ្រាវ និង បង្ក្រាបអំពើរត់ពន្ធតំបន់ ២ នៃនាយកដ្ឋានបង្ការ និង បង្ក្រាបបទល្មើស ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានសហការជាមួយមន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. និង សមត្ថកិច្ចចម្រុះ បានធ្វើការដុតកម្ទេចទំនិញហាមឃាត់នាំចូល និង ខូចគុណភាពប្រើប្រាស់ ជាបំណែកសាច់បង្កកចំនួន ១៧១៩៣ គីឡូក្រាម។
តាមប្រភពបានបញ្ជាក់ថា បំណែកសាច់បង្កកទាំងនេះ រួមមាន គល់ស្លាបមាន់បង្កក ៣២៧៨ គីឡូក្រាម និង ចុងស្លាបមាន់បង្កក ១៣៩១៥ គីឡូក្រាម ត្រូវបានបង្ក្រាបនាពេលដឹកជញ្ជូនតាមរថយន្ត ៥ គ្រឿង ក្នុងភូមិសាស្ត្រស្រុកអង្គរបុរី ខេត្តតាកែវ បន្ទាប់ពីជញ្ជូនចេញពីទូកដែលនាំចូលដោយខុសច្បាប់តាមទូកប្រឡាយទី ១០ ច្រករបៀងបាក់ដៃ៕
ប្រភព ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា