ទឹកជំនន់នៅបង់ក្លាដែស បង្ខំប្រជាជនរាប់ម៉ឺននាក់ឱ្យភៀសខ្លួន និងបិទសាលារៀន

(ដាកា)៖ ទឹកជំនន់នៅប្រទេសបង់ក្លាដែស បានបោកបក់ផ្ទះសម្បែង និងបង្ខំឱ្យបិទសាលារៀន ហើយប្រជាជនរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង ហើយការព្យាករណ៍អំពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។

ក្រសួងគ្រោះមហន្តរាយ និងសង្គ្រោះបន្ទាន់បានឱ្យដឹងថា ប្រជាជនប្រមាណ ៤០,០០០នាក់ កំពុងស្វែងរកការជ្រកកោននៅទីជម្រករបស់រដ្ឋាភិបាល និងក្រុមសង្គ្រោះបន្ទាន់ជាង ៦០០ក្រុមត្រូវបានបង្កើតឡើង ដើម្បីព្យាបាលជនរងគ្រោះដោយទឹកជំនន់។

ទឹកជំនន់ដែលបណ្តាលមកពីភ្លៀងមូសុងធ្លាក់ខ្លាំងនេះ បានបង្កឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដូចជាផ្លូវថ្នល់លិចទឹក ស្ពាន និងទំនប់ទឹកបាក់រលំ។ អាជ្ញាធរក្នុងតំបន់ព្រមានថា ភ្លៀងអាចនឹងបន្តធ្លាក់ខ្លាំងនៅតំបន់កណ្តាល និងភាគខាងត្បូង ដែលអាចធ្វើឱ្យស្ថានភាពទឹកជំនន់កាន់តែអាក្រក់ទៅៗ។

គួរបញ្ជាក់ថា បន្ថែមពីលើការបំផ្លិចបំផ្លាញនៅក្នុងប្រទេសបង់ក្លាដែស ទឹកជំនន់នេះក៏បានបង្កផលប៉ះពាល់ដល់បណ្តាប្រទេសជិតខាង ជាពិសេសប្រទេសឥណ្ឌា ដែលមនុស្សជាង ២លាននាក់បានរងផលប៉ះពាល់ និងមនុស្សរាប់ម៉ឺននាក់កំពុងស្នាក់នៅក្នុងជំរំសង្គ្រោះបន្ទាន់។ ទឹកជំនន់នៅរដ្ឋអាសាម ភាគខាងជើងបង់ក្លាដែស បានចាប់ផ្តើមស្រកចុះវិញ ប៉ុន្តែនៅតែបន្តគំរាមកំហែងដល់ជីវិតមនុស្ស និងសត្វ៕

អត្ថបទដែលជាប់ទាក់ទង