ពិធីករកីឡា ស៊ីថូ ណាថាន់ រៀបរាប់ទាំងទឹកភ្នែកប្រាប់ពីស្ថានភាពជំងឺលោក គន្ធ ជីវ័ន្ត កាលពី ២ ឆ្នាំមុន (វីដេអូ)
កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ មហាជន និង មិត្តក្នុងរង្វង់សិល្បៈមានក្តីរន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងរបស់ពិធីករកីឡាល្បីឈ្មោះ លោក គន្ធ ជីវ័ន្ត បានទទួលមរណភាព។
ក្នុងនោះដែរ លោក គន្ធ ជីវ័ន្ត បានទទួលមរណភាពនៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃ នៅវេលាម៉ោង ១ និង ៣០ នាទីរសៀល ដោយរោគាពាធ។ មកដល់ពេលនេះដែរ សពរបស់លោក គន្ធ ជីវ័ន្ត កំពុងតម្កល់នៅវត្តក្រាំងធ្នង់ និង បូជានៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤ ខាងមុខ។
ដោយឡែក ក្រោយមរណភាពរបស់លោក គន្ធ ជីវ័ន្ត ហើយនោះ ពិធីករកីឡា លោក ស៊ីថូ ណាថាន់ ជាសិស្សប្អូនរបស់លោក គន្ធ ជីវ័ន្ត បានចេញមកចែករំលែកពីស្ថានភាពលោក គន្ធ ជីវន្ត មុនទទួលមរណភាពថា លោក គន្ធ ជីវ័ន្ត បានឈឺតាំងពីអំឡុងពេលការប្រកួត World Cup នៅទីក្រុងកាតា អំឡុងឆ្នាំ ២០២២ មកម្ល៉េះ។
លោក ស៊ីថូ ណាថាន់ បានរៀបរាប់ថា៖ «លោក គន្ធ ជីវ័ន្ត មានអណ្តាតធំ ដូច្នេះគាត់ឧស្សាហ៍ខាំអណ្តាតខ្លួនឯងធ្វើឱ្យដំបៅ ហើយគាត់ញុំាថ្នាំផ្សះបំបាត់ការឈឺចាប់ បន្ទាប់មកការរលាកអណ្តាតរបស់គាត់កាន់តែខ្លាំង រហូតត្រូវព្យាបាល និង ធ្វើការវះកាត់»។
ពិធីករ ស៊ីថូ ណាថាន់ បានបន្តទាំងអួលដើម-កថា៖ «អំឡុងពេលលោក គន្ធ ជីវ័ន្ត ឈឺ គាត់ចង់ប្រកាសប្រាប់មហាជនពីដំណឹងសុខភាពរបស់លោក និង ជួយប្រមូលថវិកា ដើម្បីព្យាបាលជំងឺលោក គន្ធ ជីវ័ន្ត ប៉ុន្តែ លោក គន្ធ ជីវ័ន្ត ប្រាប់ថា លោកសុំឈឺ និង ចេញទៅដោយសុខសាន្ត»៕