សូមប្រយ័ត្នផង! ការត្បាល់ត្រចៀករាល់ថ្ងៃ ព្រោះតែរមាស់ពេក ចុងក្រោយនារីម្នាក់កើតរលាកក្លាយទៅជាមហារីក
ថ្មីៗនេះ គ្រូពេទ្យជំនាញនៅចិន បានទម្លាយរឿងរ៉ាវរបស់ស្រ្តីម្នាក់ ដែលចូលចិត្តរុកត្បាល់ត្រចៀកខ្លួនឯងជាប្រចាំ រហូតក្លាយជាដំបៅរលាក ហើយបានក្លាយទៅជាជំងឺមហារីក គួរឱ្យខ្លាច និង តក់ស្លុតបំផុត។
តាមព័ត៌មានបានឱ្យដឹងថា ដំបូងឡើយស្រ្តីរូបនេះតែងមានអាការរមាស់ត្រចៀក ហើយជាប្រចាំក៏បានយកសំឡីត្បាល់ត្រចៀកទៅរុកផង ត្បាល់ផង ដើម្បីបន្ថយអាការរមាស់នោះ។ ក្រោយមកស្រាប់តែត្បាល់លែងកើត ព្រោះតែមានអាការឈឺចាប់ និង បាត់បង់ការស្តាប់លែងឮ។
ចុងក្រោយទើបស្រ្តីរូបនេះបានដាច់ចិត្តទៅរកគ្រូពេទ្យ ដោយគ្រូពេទ្យបានធ្វើការសម្អាត និង កាត់សាច់ក្នុងត្រចៀកនោះទៅពិនិត្យ លទ្ធផលបានឃើញថាស្រ្តីខាងលើបានកើតមហារីកនៅក្នុងត្រចៀក ជាមហារីកកោសិកា Squamous វាជាប្រភេទមហារីកស្បែកដែលមានប្រភពចេញពីកោសិកា squamous ដែលជាកោសិកាមាននៅក្នុងស្រទាប់ខាងក្រៅនៃស្បែកហៅថា epidermis។
យ៉ាងណាមិញ គ្រូពេទ្យបានឱ្យដឹងទៀតថា មហារីកនៅក្នុងត្រចៀកមិនងាយនឹងកើតមានឡើងនោះទេ ប៉ុន្តែប្រសិនបើមានការរលាក ហើយសម្អាតមិនស្អាតត្រឹមត្រូវ យូរៗទៅកោសិកានឹងត្រូវបំផ្លាញជារឿយៗ ហើយបើប្រព័ន្ធជួសជុលមិនធ្វើការ នោះនឹងអាចធ្វើឱ្យកើតមហារីកបាន។ ចុងក្រោយ គ្រូពេទ្យបានដាស់តឿនថា បើសិនជាមានការមិនស្រួលក្នុងត្រចៀក គួរតែត្បាល់យ៉ាងប្រុងប្រយ័ត្ន ដើម្បីកុំឱ្យប៉ះពាល់ដល់ស្បែករបស់ត្រចៀក៕
ប្រភព៖ Sanook