អ្នកឧស្សាហ៍ញាត់បំពង់ហឺតចូលច្រមុះហើយហឺត អាចជួយឱ្យអារម្មណ៍ស្រស់ស្រាយមែន តែហឺតយូរៗអាចកើតជំងឺ ៣ មុខនេះ
បំពង់ហឺត គឺជាថ្នាំសម្រាប់ប្រើប្រាស់ខាងក្រៅមួយ ដែលគេប្រើសម្រាប់ហឺតជួយក្នុងការដកដង្ហើមចូល ដើម្បីបំបាត់អាការផ្តាសាយ តឹងច្រមុះ និង វិលមុខ ជាដើម ហើយបច្ចុប្បន្នគេសង្កេតឃើញដែរថាបំពង់ហឺតនេះពេញនិយមណាស់សម្រាប់មនុស្សប្រុសស្រីមួយចំនួនធំប្រើប្រាស់ មិនថាអ្នកធ្វើការ ឬ អ្នកសិល្បៈនោះទេ តែងតែឃើញដាក់ជាប់នៅនឹងខ្លួនជានិច្ច។
ការហឺតបំពង់ហឺតមិនមែនមានតែមានគុណសម្បិត្តនោះទេ តែវាក៏មានផ្តល់នូវគុណវិបត្តិដល់សុខភាពដែរ ពិសេសចំពោះប្រព័ន្ធដកដង្ហើម។ តើដឹងថាបំពង់ហឺតបានផ្តល់ផលប៉ះពាល់អ្វីខ្លះដល់សុខភាព ពិសេសប្រព័ន្ធផ្លូវដង្ហើមនោះ?
យោងតាមវេបសាយសុខភាពឈ្មោះ Variety បានបញ្ជាក់ថា បំពងហឺតវាមានសារធាតុផ្សំជាច្រើនដែលធ្វើឱ្យហឺតហើយមានអារម្មណ៍ស្រស់ស្រាយ ត្រជាក់ច្រមុះ។ សារធាតុផ្សំទាំងនោះរួមមាន ប្រេងធម្មជាតិដែលចម្រាញ់ចេញពីឱសថបុរាណផ្សេងៗជាច្រើនមុខ ដូចជា ស្លឹកជីអង្កាម, ស្លឹកដើមប្រេងខ្យល់, Camphor ឬហៅថា ដើមកប៌ូរ ដែលសារធាតុផ្សំទាំងនេះហើយអាចធ្វើឱ្យហឺតទៅមានអារម្មណ៍ស្រស់ស្រាយ។
ដោយឡែក ស្របពេលសារធាតុទាំងអស់នេះវាជួយសម្រួលផ្លូវអារម្មណ៍ធ្វើឱ្យស្រស់ស្រាយហើយ បើងាកមកមើលពីគុណវិបត្តិរបស់វាវិញក៏មានដែរ ពោលគឺប្រសិនបើហឺតញឹកញាប់ពេក វាអាចបណ្តាលឱ្យស្ងួតច្រមុះ រលាកប្រព័ន្ធដង្ហើម និង អាចបណ្តាលឱ្យរលាកសួរថែមទៀតផង។
មួយវិញទៀត ប្រសិនបើអ្នកហឺតយូរទៅ ហើយចៃដន្យមានទឹកចូលភ្នែក ឬ មាត់ នោះក៏វាអាចបណ្តាលឱ្យមានផលប៉ះពាល់ដែរ ពោលគឺធ្វើឱ្យមានបញ្ហារមាស់ និង ក្តៅតាមបរិវេណនោះ។ ដូចនេះក្រោយពេលបានដឹងពីគុណវិបត្តិខ្លះៗរួចហើយនោះ តើអ្នកគួរបន្តហឺតបំពង់ហឺតទៀតឬអត់?
យ៉ាងណាមិញ ប្រសិនបើអ្នកញៀននឹងប្រើវា សូមធានាឱ្យបាននូវការប្រើឱ្យបានត្រឹមត្រូវតាមការណែនាំដែលមានភ្ជាប់មកជាមួយ ដោយទី ១. អានពាក្យណែនាំមុនប្រើ ២. គួរតែកាន់បំពងហឺតកុំឱ្យកៀកច្រមុះពេក ពិសេស កុំញាត់បំពងហឺតចូលទៅក្នុងច្រមុះឱ្យសោះ ៣. មិនគួរប្រើប្រាស់វាញឹកញាប់ ឬ រាល់ថ្ងៃពេកទេ ៤. ពេលប្រើប្រាស់វារួចហើយគួរតែជូតវាឱ្យស្អាត និង ទុកដាក់នៅកន្លែងស្អាតផងដែរ៕
ប្រភព ៖ variety.teenee.com