ការអត់ទ្រាំក៏មានកំណត់ កំលោះតូច លីម តិចម៉េង បង្ហោះសារដាក់ចំៗថាអ្នកចម្រៀងចំតែខុស ស្ងាត់ក៏ខុស តបតក៏ត្រូវគេរិះគន់
រយៈពេលជាង ១ ឆ្នាំហើយដែលតារាចម្រៀងវ័យក្មេង លីម តិចម៉េង បានក្លាយជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធីប្រកួតចម្រៀងដ៏ធំលំដាប់ពិភពលោក Cambodia’s idol រដូវកាលទី ៤ ដោយកាលនោះគេចាំបានថា ម្ចាស់ពាន ក៏ដូចជា Top4 ក្នុងកម្មវិធីដ៏ធំអស្ចារ្យនេះ ទទួលបានការគាំទ្រយ៉ាងច្រើនផុសផុលមិនធ្លាប់មាន ពីសំណាក់ទស្សនិកជន។
យ៉ាងណាមិញ ទន្ទឹមនឹងការស្រឡាញ់ពេញចិត្ត គាំទ្រទៅលើតារាចម្រៀងជំនាន់ថ្មីរូបនេះ ក្នុងនោះ លីម តិចម៉េង ក៏ធ្លាប់ទទួលរងនូវពាក្យសម្ដីរិះគន់ពីបណ្ដាមហាជនដែរ។ បន្ទាប់ពីហែលឆ្លង ជាមួយនឹងការដាក់ចិត្តកាយប្រឡូកក្នុងវិស័យចម្រៀងមួយនេះយ៉ាងពេញទំហឹងមក តិចម៉េង ក៏បានស្គាល់រសជាតិជីវិតជាអ្នកសិល្បៈកាន់តែច្រើនឡើង ដែលត្រូវតស៊ូពុះពារ អន់ធ្មត់គ្រប់ពេលវេលា។
យ៉ាងណាមិញ ការអត់ទ្រាំក៏មានកំណត់ ដោយថ្មីៗនេះ កំលោះតូច លីម តិចម៉េង ស្រាប់តែបង្ហោះសារដ៏ក្ដៅគគុកមួយរៀបរាប់ត្អូញត្អែរថា អ្នកចម្រៀងចាំតែខុស ត្រូវចិត្តធ្ងន់ ធ្វើអ្វីក៏មានការរិះគន់គ្រប់បែបយ៉ាងមិនដែលនឹងធ្វើត្រូវ ព្រោះពួកគេជាមនុស្សរបស់មហាជន។
លីម តិចម៉េង លើកឡើងថា ៖ «ពេលនៅស្ងៀមគេថារកតែសុខ ពេលចូលរួមនិយាយគេថាតាប៉ែ ពេលច្រៀងបទខ្លួនឯងគេថាដូចអាចម៍ ពេល cover បទដែលខ្លួនស្រលាញ់គេថាច្រៀងតែបទគេ ពេលធ្វើខ្លួនសាមញ្ញគេថាអន់ ពេលធ្វើខ្លួនឱ្យត្រូវជាតារាគេថាភ្លេចកំណើត ពេលចេញចម្រៀងគេថាចេះតែច្រៀង ពេលចេញចម្រៀងរ៉េបគេថាខុសតួនាទី ពេលចូលរួមសម្តែងគេថាមិនកើតទេឈប់សម្តែងទៅ ពេលមិនសូវបានសម្តែងគេថាអ្នកចម្រៀងចេះតែច្រៀង ពេលមិនតបគេថាមកពីគេនិយាយត្រូវ ពេលតបគេថាមិនចេះនៅស្ងៀមជាមនុស្សមហាជន»។
លើសពីនេះ តារាចម្រៀងរូបនេះក៏បានបន្ថែមទាំងងឿងឆ្ងល់មិនអស់ចិត្តទៀតថា ៖ «ហេតុអ្វីបានជារឿងទាំងអស់នេះតែងតែកើតមានចំពោះអ្នកសិល្បៈ អ្នកថាចាំតែថាមិនចេះខុស អ្នកធ្វើខំប្រឹងឥតស្រាកស្រាន្តនៅតែមានកំហុស អ្នកពូកែទ្រាំអាចបន្តបានល្អ អ្នកមិនសូវពូកែទ្រាំក៏បាក់ទឹកចិត្តបោះបង់ចោល»៕