ស្រណោះណាស់! ភ្លេងហែជំនូនមកកាន់ផ្ទះកូនក្រមុំ ត្រូវបានប្ដូរទៅជាភ្លេងដង្ហែសពមកជួបជួនគ្នាក្នុងស្ថានភាពបែបនេះវិញ
កាលពីរសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ មានករណីខ្មាន់កាំភ្លើងចូលបាញ់ប្រហារដល់ក្នុងផ្ទះនៅបុរីប៉េងហួត ស្ថិតក្នុងសង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានជនរងគ្រោះសរុប ៤ នាក់ ក្នុងនោះ មានអ្នកស្លាប់ចំនួន ២ នាក់ត្រូវជាគូដណ្ដឹងនឹងគ្នា និង មានអ្នករបួសធ្ងន់ស្រាល ២ នាក់ទៀត។ ខណៈបច្ចុប្បន្នសពត្រូវបានបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណី ដោយសពខាងប្រុសធ្វើបុណ្យនៅរាជធានីភ្នំពេញ និង សពខាងស្រីធ្វើបុណ្យនៅទឹកដីខេត្តកំពត ហើយគ្រោងបញ្ចុះជាមួយគ្នានាទឹកដីខេត្តកំពត។
ទន្ទឹមគ្នានេះផងដែរ នៅរសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤ នេះ សពរបស់ជនរងគ្រោះឈ្មោះ ឡុង លីសុង អាយុ ២៧ ឆ្នាំ ត្រូវបានដង្ហែទៅកាន់ទឹកដីខេត្តកំពត ស្រុកកំណើតគូដណ្ដឹងរបស់ខ្លួន ឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ ២៦ ឆ្នាំ ដែលត្រូវបានមហាជនថតបាន ព្រមទាំងបញ្ចេញមតិឱ្យដឹងថា ភ្លេងហែជំនូនមកកាន់ផ្ទះកូនក្រមុំ ត្រូវបានប្ដូរទៅជាភ្លេងដង្ហែសពមកជួបជួនគ្នាក្នុងស្ថានភាពបែបនេះវិញ ខណៈអ្នកទាំង ២ គ្រោងរៀបអាពាហ៍ពិពាហ៍នឹងគ្នានាខែតុលា ឆ្នាំ ២០២៤ ខាងមុខ។
សូមរំឭកផងដែរថា កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ មានករណីបាញ់ប្រហារនៅ នៅក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ ដែលមានជនរងគ្រោះសរុបក្នុងហេតុការណ៍ចំនួន ៤ នាក់ស្នាក់នៅផ្ទះកើតហេតុ រួមមាន ឈ្មោះឡុង លីសុង អាយុ ២៧ ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ ២៦ ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ឈ្មោះ សុខុម រ៉ាចាណៈ អាយុ ២០ ឆ្នាំ មុខរបរអ្នកថតរូប (រងរបួស) និងឈ្មោះ ហុង រិទ្ធធារ័ក្ស អាយុ ២៤ ឆ្នាំ មុខរបរអ្នកថតរូប (រងរបួសស្រាល)។
ចំពោះជនសង្ស័យដែកត្រូវបានឃាត់ខ្លួន និង បញ្ជូនទៅកាន់តុលាការក្នុងករណីនេះមានសរុបចំនួន ៣ នាក់រួមមាន ខ្មាន់កាំភ្លើងឈ្មោះ ស្រី ស៊ីណា និង អ្នកចូលរួមសកម្មភាពដឹកទៅបាញ់ និង ដឹកទៅគេចខ្លួនសរុប ២ នាក់ រួមមានឈ្មោះ សាន សុខចំរើន និង ទិនទូច៕