ក្រសួងប្រកាសដាក់ចេញវិធានការបង្ការ ៦ ចំណុច ក្រោយរកឃើញមានការកើនឡើងនូវជំងឺផ្ដាសាយ និង កូវីដ-១៩
នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការបង្ការការកើនឡើងនូវជំងឺផ្តាសាយ និង ជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យបានដឹងថា តាមរយៈប្រព័ន្ធតាមដានជំងឺផ្តាសាយ និង ប្រព័ន្ធតាមដានជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរនៅកម្ពុជា បានរកឃើញថាមានការកើនឡើងនូវជំងឺផ្តាសាយ និង ជំងឺកូវីដ-១៩ ក្នុងអំឡុងខែឧសភា និង ដើមខែមិថុនា ឆ្នាំ ២០២៤ ដែលមានលក្ខណៈស្របគ្នាទៅនឹងការកើនឡើងនូវជំងឺទាំងនេះនៅក្នុងបណ្តាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច និង បណ្តាប្រទេសជិតខាងរបស់យើង។
ការធ្វើតេស្តវិភាគ (PCR Test) ដើម្បីកំណត់អត្តសញ្ញាណប្រភេទ និង អនុក្រុមវីរុស (Virus Sequencing) ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានរកឃើញអនុក្រុមវីរុសកូវីដ-១៩ បំប្លែងខ្លួន ដែលស្ថិតក្នុងក្រុមត្រូវចាប់អារម្មណ៍ និង ប្រុងប្រយ័ត្ន (Variant of Interest (VOI)) តែមិនមែនជាអនុក្រុមដែលជាការព្រួយបារម្ភ (Variant of Concern (VOC)) ដែលនឹងធ្វើឱ្យមានការសម្រាកនៅមន្ទីរពេទ្យច្រើននោះទេ។
អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល បានអំពាវនាវ និង ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដើម្បីបង្ការនូវការឆ្លងរាលដាលនូវជំងឺផ្តាសាយ និង ជំងឺកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយធំជាយថាហេតុ ដោយចូលរួមអនុវត្តនូវវិធានការបង្ការយ៉ាងម៉ឺងម៉ាត់ដូចខាងក្រោម ៖
– ប្រកាន់ខ្ជាប់អនាម័យ ដោយលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬ អាល់កុល។
– នៅពេលក្អកកណ្តាស់ ត្រូវខ្ទប់មាត់ដោយពាក់ម៉ាស់ ឬ ប្រើកន្សែងដៃ ឬ ប្រើផ្នត់កែងដៃ និង មិនត្រូវ ខាកស្តោះពាសវាលពាសកាល។
– ចៀសវាងការចូលរួមក្នុងទីប្រជុំជន ឬ ការធ្វើដំណើរ ប្រសិនបើអ្នកមានអាការក្តៅខ្លួន ក្អក ឬ ពិបាក ដកដង្ហើម ឬ មានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។
– សូមបងប្អូនប្រជាពលរដ្ឋបន្តទៅទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដួស ទាំងដូសមូលដ្ឋាន និង ដូសជំរុញនៅតាមមន្ទីរពេទ្យ ឬ មណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំបង្ការការឆ្លងជំងឺកូវីដ-១៩។
– ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហៀរសំបោរ ឬ ពិបាកដកដង្ហើម សូមស្វែងរកការពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ឬ ទូរស័ព្ទមកកាន់លេខ ១១៥ ដើម្បីទទួលបានការណែនាំ និង ពិគ្រោះយោបល់។
– ប្រសិនធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីសមាជិកគ្រួសារ រហូតដល់គ្មានរោគសញ្ញាជំងឺ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖