សភាពសត្វ ដែលបានឆេះខ្លោច និង ខ្លះក៏មានសំណាងនៅរស់ក្នុងអគ្គិភ័យផ្សារចតុចក្រ នៅថៃថ្ងៃមុន
កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅនេះ មានអគ្គិភ័យមួយបានកើតឡើងនៅឯផ្សារចតុចក្រ ទីក្រុងបាងកក ប្រទេសថៃ ដែលជាកន្លែងបណ្តុំតូបលក់សត្វចិញ្ចឹមជាច្រើនប្រភេទ។
ក្នុងនោះ តាមព័ត៌មានបានឱ្យដឹងថា អគ្គិភ័យបានត្របាក់ផ្សារត្រីនេះអស់ស្ទើរទាំងស្រុង ដោយតូបដែលលក់សត្វចិញ្ចឹមចំនួន ១១៨ តូប ត្រូវខូចខាតសឹងទាំងអស់ បណ្តាលឱ្យសត្វចិញ្ចឹមរាប់ពាន់ក្បាល ដែលសុទ្ធតែនាំចូលមកពីក្រៅប្រទេសបានងាប់យ៉ាងវេទនាក្នុងអណ្តាតភ្លើង។
យ៉ាងណាមិញ ក្រោយពីពន្លត់ភ្លើងឱ្យរលត់ ខាងអាជ្ញាធរ ក៏ដូចជាម្ចាស់តូបក៏បានចុះទៅមើលសត្វចិញ្ចឹមរបស់ខ្លួនផងដែរ ឃើញថាសត្វខ្លះមានសំណាងក៏បានរួចជីវិត ឯសត្វខ្លះទៀតក៏បានងាប់យ៉ាងស្វិតក្រញ៉ង់ ឆេះខ្មៅសឹងតែមើលមិនយល់ ដែលឃើញហើយពិតជាគួរឱ្យអាណិតខ្លាំងណាស់។
ដោយឡែក មហាជនជាច្រើន ក៏បានចូលរួមរំលែកទុកដល់ម្ចាស់តូប ហើយក៏អាណិតខ្លោចចិត្តចំពោះសត្វដែលបានងាប់ផងដែរ ជាពិសេសសម្រាប់អ្នកដែលស្រឡាញ់សត្វវិញនោះ គឺពិតជាពិបាកទទួលយកហេតុការណ៍នេះណាស់៕