ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា រួចធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីរងគ្រោះម្នាក់ តែមិនបានសម្រេច

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខបុរីញ៉ូថោនអូដឹម ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យនេះ ទី១- ឈ្មោះ ស ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ រងរបួសបាក់ជើងឆ្វេង មានទីលំនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី ។ ទី២- ឈ្មោះ សៀវ សារុន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ រងរបួសស្រាល។ ចំណែកជនរងគ្រោះវិញ មានឈ្មោះ ផាត់ សារ័ត្ន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ។

មុនពេលកើតហេតុ រូបគាត់ និងប្តី រួមទាំងកូនស្រីម្នាក់ទៀត បាននាំគ្នាជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1JR-0399 ជិះឌុបគ្នា៣នាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច។ ខណៈពេលជិះមកដល់ចំណុចកើតហេតុ ក្បែរផ្លូវរថយន្តភ្លើង ជាប់នឹងបុរីញូថោនអូដឹម ស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1JB-6024 ធ្វើដំណើរមកពីក្រោយស្របទិសគ្នាពីកើតទៅលិច ក្នុងល្បឿនលឿន។

ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា ខណៈពេលជិះមកដល់ចំណុចកើតហេតុ ក្បែរផ្លូវរថភ្លើង ជនសង្ស័យទាំង២នាក់នោះក៏បង្អង់ល្បឿនម៉ូតូ រួចជិះទៅជិតរូបគាត់ (ស្ត្រីរងគ្រោះ) ពេលនោះជនសង្ស័យក៏លូកដៃទៅឆក់យកទូរស័ព្ទមួយគ្រឿងនៅក្នុងហោប៉ាវរបស់គាត់ (ស្ត្រីរងគ្រោះ) តែមិនបានសម្រេច ដោយសាររូបគាត់ចាប់ទាញដៃ និងប្រវាយប្រតប់គ្នា បណ្តាលឲ្យម៉ូតូជនសង្ស័យជ្រុលទៅបុ.កម៉ូតូសណ្តោងរ៉ឺម៉កដឹកពូក ដែលបើកនៅពីមុខបត់ឆ្លងផ្លូវ បន្ទាប់មកម៉ូតូជនសង្ស័យក៏រេចង្កូតបន្តធ្លាក់ចូលក្នុងប្រឡាយទឹកតែម្ដង។

ភ្លាមៗនោះ ជនសង្ស័យម្នាក់បានធ្លាក់ចូលទឹក បណ្ដាលឱ្យបាក់ជើង និងឈ្លក់ទឹកសន្លប់ស្ដូកស្ដឹង ហើយត្រូវបានប្រជាពលរដ្ឋស្រង់មកដាក់លើគោក ចំណែកជនសង្ស័យម្នាក់ទៀតធ្លាក់ទឹកដែរ តែខំប្រឹងរត់ ប៉ុន្តែរត់មិនរួច ក៏ត្រូវពលរដ្ឋជិតខាងនាំគ្នាចុះទៅស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្តាលឲ្យជនសង្ស័យរូបនោះរងរបួសហើមពេញផ្ទៃមុខតែម្ដង។

សមត្ថកិច្ចមូលដ្ឋានសង្កាត់ចោមចៅ បានចុះមកដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យម្នាក់ដឹកយកទៅប៉ុស្ដិ៍នគបាលរដ្ឋបាលសង្កាត់ចោមចៅទី៣ សួរនាំបន្ត និងទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីផ្លូវច្បាប់ ចំណែកជនសង្ស័យម្នាក់ទៀតដែលបាក់ជើងម្ខាង ត្រូវបានកម្លាំងសង្គ្រោះ៧១១ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីព្យាបាលបន្ត៕

អត្ថបទដែលជាប់ទាក់ទង