សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សង់ផ្ទះថ្ម១ខ្នង ជូនលោកយាយវ័យ៧៦ឆ្នាំ ស៊ិន តន នៅខណ្ឌព្រែកព្នៅ ដែលជីវភាពក្រីក្រ
(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានទឹកចិត្តសប្បុរសធម៌ និងក្ដីអាណិតអាសូរ បានសម្រេចសាងសង់ផ្ទះថ្ម១ខ្នង ជូនលោកយាយឈ្មោះ ស៊ិន តន មានវ័យ៧៦ឆ្នាំ ជាមួយកូនប្រុសកំពុងមានជម្ងឺក្រិនថ្លើមធ្ងន់ធ្ងរឈ្មោះ ជា តែន អាយុ៤១ឆ្នាំ តាមរយៈលោក ឃួង ស្រេង ប្រធានកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ។
នេះបើតាមលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ និងជានាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ បន្ទាប់ពីលោកបានចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ហើយនឹងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ យ៉ាងយកចិត្តទុកដាក់ពីសំណាក់លោក ឃួង ស្រេង ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដល់ផ្ទះលោកយាយ ស៊ិន តន ស្ថិតក្នុងភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។
លោក ជិន ប៊ុនធឿន បានឲ្យដឹងថា លោកយាយឈ្មោះ ស៊ិន តន អាយុ៧៦ឆ្នាំ រស់នៅភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាពេលខាងមុខដ៏ខ្លីនេះ នឹងទទួលបានផ្ទះថ្មថ្មី១ខ្នង ជំនួសផ្ទះចាស់ ដែលធ្លុះធ្លាយទ្រុឌទ្រោមពិបាករស់នៅ ដែលផ្ទះថ្មីនេះជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។
សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវអំណោយទឹកចិត្តសប្បុរសធម៌មាន (អង្ករ៥០គីឡូ, មី២កេស, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ, ម៊ុង, ភួយ, កន្ទេល, ខ្នើយ) ជាមួយសម្ភារផ្ទះបាយជាច្រើនមុខទៀត និងថវិកាមួយចំនួនជូនលោកយាយ។
លោក ស្រេង វណ្ណះ ជំនួយការលោក ធឹម សំអាន បានបញ្ជាក់ថា សម្រាប់សកម្មភាពប្រគល់អំណោយ នៃទឹកចិត្តសប្បុរសធម៌ ក្នុងការជួយសម្របសម្រួលជីវភាពរស់នៅមួយចំនួន ដល់លោកយាយ ស៊ិន តន នាពេលនេះមិនមែនជាលើកទី១នោះទេ និងបានធ្វើឡើងជាបន្តបន្ទាប់ដោយការយកចិត្តទុកដាក់។
លោក ស្រេង វណ្ណះ បានបញ្ជាក់ទៀតថា ក្រៅពីនេះក៏មានការជួយជ្រោមជ្រែងខ្លះៗតាមលទ្ធភាពពីអ្នករស់នៅក្បែរខាងលោកយាយផងដែរ។ បើតាមលោក ស្រេង វណ្ណះ លោកយាយពិតជាមានប័ណ្ណក្រីក្រ ហើយកំពុងជួបការខ្វះខាតយ៉ាងខ្លាំង នឹងមានកូនប្រុសចំនួន២នាក់ ក្នុងនោះមានម្នាក់បានរៀបការរួចចេញទៅរស់នៅកន្លែងផ្សេង និងម្នាក់ទៀតឈ្មោះ ជា តែន អាយុ៤១ឆ្នាំ ត្រូវបានគ្រូពេទ្យធ្វើការសន្និដ្ឋាន ថាមានជម្ងឺក្រិនថ្លើមធ្ងន់ធ្ងរ និងគ្មានអ្នកមើលថែទាំឡើយ ប្រសិនបើយកទៅព្យាបាលនៅឯមន្ទីរពេទ្យ ពោល បើម្ដាយនៅចាំផ្ទះក៏គ្មានអ្នកមើលថែ ហើយសម្រាប់កូនបើទៅព្យាបាលជម្ងឺនៅឯមន្ទីរពេទ្យក៏គ្មានអ្នកមើលថែដូចគ្នា៕