រឿងដេញថ្លៃធ្វើផ្លូវភាគច្រើន បានទៅលើក្រុមហ៊ុនរបស់លោកស្រេងហៃ អនុប្រធានផែនការវិនិយោគខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ បែកធ្លាយរឿងបណ្ដើរៗហើយ ករណីដែលមន្ត្រីនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ យកលុយពីតាមបណ្ដាឃុំ ជាថ្នូរ នឹងការមិនចុះធ្វើសវនកម្ម និងជួយសម្រួលរបាយការណ៍ល្អៗ ពីមន្ត្រីជំនាញ ។
យោងតាមប្រភពបែកធ្លាយរបស់ផេកហ្វេសប៊ុកលោក ផែង វណ្ណៈ បានសរសេរថា ៖ “ព័ត៌មានមន្ត្រីឃុំខ្សិបខ្សៀវ រឿងលោកធំនៅ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង យកលុយ ១ឃុំ ១លានរៀល ដែលបានស្ដាប់ឮបានក្លាយជាការពិតហើយ ព្រោះម្សិលមិញ ថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២៤ មន្ត្រីសវនកម្មផ្ទៃក្នុង និងមន្ត្រីស្រុក ភ័យស្លន់ស្លោ នាំគ្នាយកលុយទៅសងឃុំទាំង១០ នៅសាលាស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ វិញហើយ ។ ប៉ុន្តែ ក្នុងពេលយកលុយទៅអោយឃុំវិញនោះ មន្ត្រីដែលចុះទៅបានស្នើទៅមេឃុំ អោយធ្វើលិខិតបដិសេធ ថា ក្រុមការងារ មិនបានយកលុយដូចលោក ផែង វណ្ណៈ ផ្សាយទេ ហើយបើមានអង្គភាពប្រឆាំងអំពើពុករលួយ ចុះស្រាវជ្រាវ សូមអោយបណ្ដាឃុំ ជួយឆ្លើយប្រាប់ថា មិនមានការបង់លុយអោយទៅក្រុមការងារលោកឧត្ដមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករង នៃ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃនោះទេ ។ និយាយតាមត្រង់ ចំណុះខ្វះខាតគួរតែកែប្រែ មិនមែនចង់បិទបាំងហើយទម្លាក់កំហុសវាយបកមកលើអ្នកសារព័ត៌មានទេ ។ ខ្ញុំផ្សាយខ្ញុំទទួលខុសត្រូវ បុគ្គល ឬ អង្គភាព ពាក់ព័ន្ធ អាចធ្វើការបំភ្លឺបាន ។ ទម្លាប់ខ្ញុំ ព័ត៌មានមិនពិតខ្ញុំមិនផ្សាយទេ ។ ព័ត៌មាននេះ សរសេរទៅវែងណាស់ ព្រោះមិនមែន ១០ឃុំ ឬ មួយស្រុកទេ ការយកលុយពីមូលដ្ឋានឃុំ ស្រុក ខេត្តកំពង់ស្ពឺ មានច្រើន មូលហេតុយកលុយជាថ្នូរ នឹងការមិនចុះធ្វើសវនកម្មផ្ទៃក្នុង និងជួយសម្រួលរបាយការណ៍ល្អៗអំពីមូលដ្ឋានឃុំសង្កាត់ ស្រុកក្រុង ខេត្ត ” ។
ពាក់ព័ន្ធនឹងករណីនេះ ដែរមជ្ឈដ្ឋានមហាជន ក៏ដូចជាមន្ត្រីរាជការនៅខេត្តកំពង់ស្ពឺ បានលើកឡើងផងដែរថា ជាធម្មតា មាន់ពងនៅលើស្រូវ តែងតែស៊ីស្រូវយ៉ាងដូច្នេះហើយ កុំបាច់ឆ្ងល់អ្វីច្រើន។ រឿងនេះ បើស្រាវជ្រាវឲ្យមែនទែន អំពើពុករលួយគ្មានកើតពីណាទេ គឺកើតចេញពីក្រុមមន្ត្រីទាំងនេះឯង ហើយសួរថា អ្នកណាជាអ្នកខាតបង់ គឺរាជរដ្ឋាភិបាលឯណោះទេ ដែលជាអ្នកខាតបង់ ព្រោះជាថវិការបស់ជាតិ ។
សូមរំលឹកថា កាលពីពេលកន្លងទៅ ក៏មានការ បែកធ្លាយរឿងចរចាក្រៅប្រព័ន្ធ ដោយមិនបាច់ដេញថ្លៃ ដូចមុនឡើយ ពេលនេះ គឺគេហែកចែកគ្នា តែម្តង ដោយពុំចាំបាច់ដេញថ្លៃជាសាធារណៈ ដូចមុនៗឡើយ។ ការដែលធ្វើបែបនេះ ធ្វើឲ្យខាតបង់ថវិកាជាតិ រាប់សិបលានរៀល ក្នុងមួយឆ្នាំៗ ជាពិសេស គឺរឿងធ្វើផ្លូវបេតុងក្នុងខេត្តកំពង់ស្ពឺ តែម្តង ។
ជាក់ស្ដែង ក្នុងស្រុកសាមគ្គីមុនីជ័យ និងស្រុកសំរោងទង តាមសេចក្តីរាយការណ៍បានបង្ហើបឲ្យដឹងថា ស្រុកទាំងពីរនេះ ត្រូវបានទៅលើក្រុមហ៊ុនវឌ្ឍនៈមង្គលស្រេងហៃ ជាអ្នកធ្វើផ្លូវបេតុង តាមបណ្ដាឃុំទាំងអស់ ដោយពុំមានការដេញថ្លៃអ្វីឡើយ។ ការធ្វើដូច្នេះ ព្រោះតែមន្ត្រីមូលដ្ឋាន បានឃុបឃិតគ្នាជាប្រព័ន្ធ ដោយចែកភាគរយគ្នា តាមឋានានុក្រម រួមគំនិតគ្នា កឹបកេងថវិកាជាតិ ដោយមិនញញើតច្បាប់ បន្តិចណាទាល់តែសោះ ។
បើយោងតាមម្ចាស់ក្រុមហ៊ុនមួយរូប មិនធ្លាប់ដេញថ្លៃ បានទាល់តែសោះ បានបង្ហើបប្រាប់ផងដែរថា ការធ្វើផ្លូវបេតុងឃុំ ជាអ្នកប្រជុំសម្រេចដោយក្រុមប្រឹក្សាខ្លួនឯង ហើយស្នើសុំទៅខេត្ត គ្មាននរណាម្នាក់ មានសិទ្ធិបញ្ជាឃុំនោះទេ បើឃុំដាក់ក្រុមហ៊ុនណា ទៅហើយ គឺបានក្រុមហ៊ុននោះតែម្ដង។ ក្រៅពីឃុំ សំឡឹងឃើញផលប្រយោជន៍ លុយជាធំហើយនោះ គឺឃុំហ្នឹងហើយ ដែលជាអ្នកបំផ្លាញថវិកាឃុំខ្លួនឯង ។
ប្រភពបន្តថា ការចរចាដេញថ្លៃមូលនិធិឃុំ អាចប្រព្រឹត្តទៅបាន គឺមានតែពីរករណីទេ ទីមួយ ករណីប្រធានស័ក ទីពីរ ករណីដេញថ្លៃលើកទី១ និងលើកទី២ មិនមានការចូលរួមដេញថ្លៃ (បរាជ័យ) ទើបអាចចរចាគ្នាបាន ប៉ុន្តែពេលនេះ គឺពុំចាំបាច់ឆ្លងកាត់ដំណាក់កាលទីមួយ និងទីពីរ នោះទេ គឺគេចរចាចែកឃុំគ្នា ធ្វើប្រៀបបីដូចជាចែកលុយគ្នាស្ដែងៗ តែម្ដង។ និយាយរួម គ្មាននរណាដេញថ្លៃអ្វីនោះទេ ទោះបីជាកន្លងមក មានការដេញថ្លៃ គឺអ្នកម៉ៅការចំណេញណាស់ ព្រោះថវិកា អាចធ្វើផ្លូវលើសមួយពាន់ម៉ែត្រ ក្នុងផ្លូវបេតុងមួយខ្សែ តែឥឡូវនេះ ធ្វើបានតែ២០០ទៅ ៣០០ម៉ែត្រប៉ុណ្ណោះ ជារួម គឺធ្វើបានតែ៣០%។ ចំពោះក្រុមហ៊ុន ដែលលេចធ្លោជាងគេ ក្នុងខេត្តកំពង់ស្ពឺ គឺក្រុមហ៊ុនវឌ្ឍនៈមង្គលរបស់លោក ស្រេង ហៃ ដែលជាអនុប្រធានការិយាល័យផែនការ វិនិយោគសាលាខេត្តកំពង់ស្ពឺ និងក្រុមហ៊ុនមង្គលមុន្នីខន្ត្រាក់សិន របស់លោក សុវណ្ណ សិរីរ័ត្ន សុទ្ឋតែមានសាច់ញាតិជាម្ចាស់ក្រុមហ៊ុននេះ ក៏ជាអនុប្រធានការិយាល័យផែនការវិនិយោគសាលាខេត្តកំពង់ស្ពឺផងដែរ ក្រៅពីនោះ នៅមានក្រុមហ៊ុនមួយចំនួនទៀត គឺសហគ្រាសសំណង់ ឈិន ហេងវុទ្ធី (ហ៊ួត វុទ្ធី) និងបណ្ដាក្រុមហ៊ុនផ្សេងៗទៀត ។ល។
សព្វថ្ងៃនេះ ការធ្វើផ្លូវ គឺគេឈប់ដេញថ្លៃហើយ (បើដេញគ្រាន់តែជាឈុតឆាកសម្ដែង ឲ្យល្អមើលតែប៉ុណ្ណោះ) ដោយគេបែងចែកឱ្យគ្នាយ៉ាងស្ងៀមស្ងាត់បំផុត អ្វីដែលជាការសង្ស័យត្រង់ថា ថវិកា ១០ភាគរយ បានទៅលើអភិបាលរង ទទួលបន្ទុកជាមួយនាយករដ្ឋបាលត្រូវកាត់ទុក និង ៥% បានទៅលើក្រុមបច្ចេកទេសហើយ ៥% ទៀតបានទៅលើឃុំ ។ ក្រៅពីនោះ គឺបានទៅលើក្រុមហ៊ុនទទួលធ្វើ ព្រោះតែហេតុដូច្នេះហើយ បានជាផ្លូវត្រូវធ្វើបានរហូតដល់ ១,៨០០ម៉ែត្រមកត្រឹមតែ ២០០ទៅ ៣០០ម៉ែត្រប៉ុណ្ណោះ ។ បើរឿងនេះ ជារឿងពិតមែននោះ មិនចាំបាច់សួរនាំរកអ្នកបំផ្លាញថវិកាជាតិនោះទេ ។
ប្រភពបន្តថា ត្រង់ចំណុចនេះ គឺអាចយល់បានហើយថា សង្ស័យតែក្រុមមន្ត្រីទាំងអស់នេះហើយ ដែលជាអ្នករួមគំនិតគ្នា ប្រព្រឹត្តអំពើពុករលួយ ។
ម្ចាស់ក្រុមហ៊ុន ដែលមិនសូវបានសើមមាត់ សើមកនឹងគេ ដដែលបានបង្ហើបពាក្យថា ករណីនេះ ក្រសួងមហាផ្ទៃគួរ តែចាត់ក្រុមអធិការកិច្ច ចុះធ្វើការអង្កេតស្រាវជ្រាវម្ដងហើយ។ ដែលកន្លងមកមិនមែនមិនធ្លាប់មានបណ្ដាញសារព័ត៌មានចុះផ្សាយនោះទេ គឺមានជាហូរហែដែរ តែមិនត្រូវបានយកចិត្តទុកដាក់នោះទេ ។
ពាក់ព័ន្ឋនឹងករណីនេះផងដែរ មន្ត្រី នៃការិយាល័យផែនការវិនិយោគសាលាខេត្តកំពង់ស្ពឺមួយរូប ក៏បានបង្ហើបប្រាប់ផងដែរថាឥឡូវនេះ ដោយមានការណែនាំពីថ្នាក់ដឹកនាំ គឺចាំបាច់តម្រូវឲ្យឃុំ និងក្រុមហ៊ុន ដែលបានចុះបញ្ជីត្រូវតែធ្វើការដេញថ្លៃ ៕