ជនក្លែងជាសង្ឃ ត្រូវនគរបាលឃាត់ខ្លួនបាន១១នាក់ និងអ្នកបើករថយន្តម្នាក់
រាជធានីភ្នំពេញ ៖ តើកន្លងមក នរណាខ្លះធ្លាប់ដាក់បាត្រ និងថ្វាយបង្គំ ? ជនក្លែងភេទជាសង្ឃ ចំនួន១១នាក់ និងអ្នកបើករថយន្តម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួន ខណៈកំពុងធ្វើដំណើរតាមរថយន្ត១គ្រឿង ចេញពីខេត្តកំពត ក្នុងបំណងទៅធ្វើសកម្មភាពបិណ្ឌបាត្រ នៅឯខេត្តបន្ទាយមានជ័យ។ កន្លងមកថ្មីៗ ក្រុមនេះ បានចេញបិណ្ឌបាត្រ នៅម្តុំលូប្រាំ បឹងក្រពើ ខណ្ឌមានជ័យ និងតំបន់នានា ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ការឃាត់ខ្លួននោះ បានធ្វើឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យ ដែលត្រូវនគរបាលឃាត់ខ្លួន មានអ្នកក្លែងជាសង្ឃ ចំនួន១១នាក់ និងអ្នកបើកបររថយន្តដឹកចេញធ្វើសកម្មភាព ០១នាក់ ក្នុងនោះ រួមមាន ៖
១-ឈ្មោះ សេង តុលា ភេទអាយុ២១ឆ្នាំ មានទីលំនៅភូមិចាក់ជ្រុំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត (មានសារធាតុញៀន)។
២-ឈ្មោះ អឿន សុភា អាយុ៣២ឆ្នាំ មានទីលំនៅភូមិស្រែជាខាងជើង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត(គ្មានសារធាតុញៀន)។
៣-ឈ្មោះ ជាង ប៊ុនធាន អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិកូនសត្វ ឃុំកូនសត្វ ស្រុកឈូក ខេត្តកំពត (គ្មានសារធាតុញៀន)។
៤-ឈ្មោះ សាំង សៀងហៃ អាយុ១៧ឆ្នាំ មានទីលំនៅភូមិជ័រជុំ ឃុំក្រាំងត្បូង ស្រុកឈូក ខេត្តកំពត (គ្មានសារធាតុញៀន)។
៥-ឈ្មោះ ហ៊ុន យ៉ាង អាយុ៣៤ឆ្នាំ មានទីលំនៅភូមិប្រហាល ឃុំតាលោសែនជ័យ ស្រុកពោធិ៍សាត់ ខេត្តពោធិ៍សាត់ (គ្មានសារធាតុញៀន)។
៦-ឈ្មោះ ធឿន បូ អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រៃ២ ឃុំស្រែកជាខាងជើង ស្រុកឈូក ខេត្តកំពត (គ្មានសារធាតុញៀន)។
៧-ឈ្មោះ សាំង វិចិត្រ អាយុ២០ឆ្នាំ មានទីលំនៅភូមិជ័រដុំ ឃុំក្រាំងត្បូង ស្រុកឈូក ខេត្តកំពត(មានសារធាតុញៀន)។
៨-ឈ្មោះ បាំង នី អាយុ២៩ឆ្នាំ មានទីលំនៅភូមិអង្គខ្លី ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត (មានសារធាតុញៀន)។
៩-ឈ្មោះ សៅ ឡា អាយុ៤៥ឆ្នាំ មានទីលំនៅភូមិជ័រដុំ ឃុំក្រាំង ក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត (មានសារធាតុញៀន)។
១០-ឈ្មោះ ថា លីនណា អាយុ១៨ឆ្នាំ មានទីលំនៅភូមិដំបូកខ្ពស់ ឃុំ ស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត (គ្មានសារធាតុញៀន)។
១១-ឈ្មោះ ណន ចាន់នី អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិជ័រជុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ខេត្តកំ (គ្មានសារធាតុញៀន)។
ចំណែកទី១២-ជាអ្នកបើកបររថយន្ត មានឈ្មោះ ហង្ស វាសនា អាយុ៤០ឆ្នាំ ស្នាក់នៅភូមិជន្លង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង (គ្មានសារធាតុញៀន)។
នគរបាលដកហូតវត្ថុតាងរួមមាន បាត្រចំនួន០៤, ថង់យាមចំនួន០៦, ស្បង់ជីវរចំនួន០៣កំប្លេរ, រថយន្ត០១គ្រឿង ម៉ាកតូយ៉ូតាហាយលែនឌ័រ (TOYOTA HIGHLANDER) ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2BC-6480 និងថ្នាំញៀនច្រកក្នុងបំពង់ទុយោពណ៌ក្រហម ដែលជារបស់ជនសង្ស័យឈ្មោះ បាំង នី ព្រមទាំងឧបករណ៍សំរាប់ជក់គ្រឿងញៀន មួយចំនួន ដែលជារបស់ជនសង្ស័យឈ្មោះ សេង តុលា ។
នគរបាលបានប្រាប់ឲ្យដឹងថា មុនពេលឈានដល់ការបង្ក្រាបជនក្លែងភេទជាព្រះសង្ឃ១សម្បុកនេះ កម្លាំងនគរបាលខាងលើបានទទួលពត៌មានពីប្រជាពលរដ្ឋប្រាប់ថា មានមនុសប្រុស១ក្រុម យកស្បង់ចីវរគ្រងក្លែងខ្លួនជាព្រះសង្ឃ ចេញធ្វើសកម្មភាពបិណ្ឌបាត្រនៅតាមទីសាធារណៈ រាល់ថ្ងៃ។ ដោយឡែកនៅវេលាយប់ថ្ងៃកើតហេតុ បាននាំគ្នាជិះរថយន្ត០១គ្រឿង ម៉ាកតូយ៉ូតាហាយលែនឌ័រ (TOYOTA HIGHLANDER) ចេញទៅដើរសកម្មភាព តាមខេត្តផ្សេងៗ ។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពេលទទួលបានព័ត៌មាននេះ ទើបកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចេញពួនស្ទាក់ ហើយបានប្រទះឃើញរថយន្ត ដែលមានភិនភាគដូចការផ្ដល់ព័ត៌មានកំពុងបើកនៅតាមផ្លូវបេតុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ កម្លាំងក៏បានឃាត់ឲ្យឈប់ត្រួតពិនិត្យឃើញជនក្លែងជាសង្ឃចំនួន១១នាក់ និងអ្នកបើកបររថយន្តម្នាក់ រួមទាំងវត្ថុតាងខាងលើ រួចក៏ឃាត់ខ្លួននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួនាំ និងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង ។
ក្រុមជនក្លែងជាសង្ឃនោះ បានសារភាពថា ពួកខ្លួនពិតជាបានក្លែងភេទជាព្រះសង្ឃ ធ្វើសកម្មភាពដើរបិណ្ឌបាត្រ យកប្រាក់ និងគ្រឿងឧបភោគ បរិភោគពីប្រជាពលរដ្ឋ នៅតាមទីសាធារណៈ ប្រាកដមែន។ កន្លងមកធ្វើសកម្មភាពនៅម្តុំលូប្រាំ បឹងក្រពើ ខណ្ឌមានជ័យ និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្នុងម្នាក់ៗ ប្រមូលបានប្រាក់ចំនួន ៦០.០០០រៀល (ប្រាំមួយម៉ឺនរៀល) ទៅចំនួន៧០.០០០រៀល (ប្រាំពីរម៉ឺនរៀល) ។
ក្រុមជនសង្ស័យ បានប្រាប់ឲ្យនគរបាលដឹងបន្តទៀតថា ក្រោយពេលបិណ្ឌបាត្រ បានប្រាក់ ពួកខ្លួនម្នាក់ៗបានដកចំនួន១៥.០០០៛(មួយម៉ឺនប្រាំពាន់រៀល) ទៅ២០.០០០៛(ពីរម៉ឺនរៀល) ឲ្យទៅឈ្មោះ ហង្ស វាសនា ជាអ្នកបើករថយន្តដឹកធ្វើសកម្មភាព។ ដោយឡែក នៅវេលាយប់ថ្ងៃកើតហេតុ ពួកខ្លួនបាននាំគ្នាជិះរថយន្ត ទៅកាន់ខេត្តបន្ទាយមានជ័យ និងខេត្តផ្សេងៗទៀត នៅភាគខាងជើងប្រទេស ដើម្បីបិណ្ឌបាត្រ ប៉ុន្តែក៏ត្រូវនគរបាលឃាត់ខ្លួនបែបនេះ តែម្ដង ៕