ក្រសួង ទើបដកហូតសាច់បង្កកមានបញ្ហា ៨៦៦ គីឡូ នៅម្ដុំផ្សារដើមគរ លើម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង គ្មានស្លាកលេខ
នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ០២ និង ៥០ នាទី ដោយមានការបញ្ជាដោយផ្ទាល់ពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះប្រតិបត្តិការដោយធ្វើការត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅចំណុចក្បែរប្រឡាយទឹកស្អុយម្ដុំផ្សារដើមគរ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ លើម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង គ្មានស្លាកលេខ។
ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានពិនិត្យឃើញមាន:
– ជើងមាន់បង្កកចំនួន ៣២ កេសក្រដាស ស្មើនឹង ៤៤៨ គីឡូក្រាម(Poland)
– ភ្លៅមាន់បង្កកចំនួន ១៧ កេសក្រដាស ស្មើនឹង ២០៤ គីឡូក្រាម(Thailand)
– ស្លាបមាន់បង្កកចំនួន ១៥ កេសក្រដាស ស្មើនឹង ១៨០ គីឡូក្រាម(Thailand)
– កោះមាន់បង្កកចំនួន ២ កេសក្រដាស ស្មើនឹង ២៤ គីឡូក្រាម(Thailand)
– ប្រហិតក្ដាមចំនួន ១ កេសក្រដាស ស្មើនឹង ១០ គីឡូក្រាម(Thailand)
សរុបចំនួន ៦៧ កេសក្រដាសស្មើនឹង ៨៦៦ គីឡូក្រាម។
ក្រោយពិនិត្យជាក់ស្ដែង និងមានការសារភាពពីអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉ក ផលិតផលសត្វបង្កកទាំងអស់នេះត្រូវបានដឹកជញ្ជូនចេញពីឃ្លាំងស្តុកមួយកន្លែងនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ឆ្ពោះទៅលក់ចែកចាយនៅតាមបណ្ដាខេត្តផ្សេងៗ ដោយផ្ទុយពីសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក ចុះថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ ហើយរក្សាទុកលើម៉ូតូសណ្ដោងរ៉ឺម៉កពុំបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសក្នុងសីតុណ្ហភាពដក ១៨ អង្សារសេ។
ក្រុមការងារបានធ្វើការដឹកជញ្ជូនផលិតផលសត្វបង្កកខាងលើទៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដើម្បីបន្តនីតិវិធី៕
ប្រភព ៖ Sarat Hun