អាយុទើប ១០ ឆ្នាំ ត្រូវសិស្សនៅសាលាធ្វើបា-បទាំងផ្លូវកាយផ្លូវចិត្ត រហូតទ្រាំលែងបានសម្រេចបញ្ចប់បុណ្យខ្លួនឯង

កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ សារព័ត៌មាន Fox News បានចេញផ្សាយនូវរឿងរ៉ាវករណីរបស់ក្មេងប្រុសវ័យត្រឹម ១០ ឆ្នាំម្នាក់ឈ្មោះ Sammy Teusch រស់នៅសហរដ្ឋអាមេរិក ដោយគេបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយសារតែមិនអាចទ្រាំនឹងការធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្តពីសំណាក់សិស្សៗដទៃក្នុងសាលារៀនរបស់គេបាន។

តាមការរៀបរាប់ពីឪពុករបស់ក្មេងប្រុសរងគ្រោះបានឱ្យដឹងថា៖ «កូនប្រុសខ្ញុំ ត្រូវគេសើចចំអកនៅក្នុងថ្នាក់ ចំពោះវ៉ែនតាដែលគេពាក់ ហើយធ្មេញរបស់គេក៏ត្រូវក្មេងក្នុងសាលាសើចឡកឡាយដាក់ដែរ។ រឿងសើចចំអកនេះ វាកើតឡើងយូរដែរហើយ។ កូនខ្ញុំ ក៏ត្រូវគេវាយធ្វើបាបក្នុងឡានក្រុងសាលាផងដែរ។ វ៉ែនតា និងរបស់របរគេជាច្រើន ត្រូវមិត្តរួមថ្នាក់ធ្វើឱ្យបាក់ខូចអស់»។

ឪពុក Sammy បានឱ្យដឹងបន្ថែមទៀតថា លោកធ្លាប់បានរាយការណ៍ប្រាប់ទៅសាលាជាច្រើនលើកច្រើនសាពីបញ្ហានេះ ប៉ុន្តែដូចមិនទទួលបានផលអ្វីសោះ រហូតបញ្ហាកាន់តែអាក្រក់ទៅៗរហូតលែងអាចស្រោចស្រង់បានបែបនេះ។ រឿងរ៉ាវដ៏ខ្លោចចិត្តរបស់ Sammy បានធ្វើឱ្យមហាជនជាច្រើនបង្ហាញក្ដីអាណិតអាសូរ និងសោកស្ដាយជាខ្លាង ចំពោះក្មេងប្រុសរូបនេះ ដែលនៅក្មេងតែត្រូវមករងនូវសម្ពាធខ្លាំងពីអ្នកជុំវិញខ្លួននៅសាលា រហូតទ្រាំទ្រលែងបាន។

នៅថ្ងៃទី ១៥ ខែឧសភា កន្លងទៅ ពិធីបុណ្យសពរបស់ Sammy បានរៀបចំធ្វើឡើងនៅក្រុង Greenfield ដោយមានការចូលរួមរំលែកទុក្ខពីសំណាក់មនុស្សរាប់រយនាក់ ដែលបានបង្ហាញវត្តមានក្នុងពិធីតែម្ដង។ ពួកគេ បានដាក់ផ្ការំលែកទុក្ខ និងសង្ឃឹមថា Sammy នឹងទទួលបានយុត្តិធម៌សមនឹងអ្វីដែលគេទទួលរងការឈឺចាប់កន្លងមកនេះ៕

អត្ថបទដែលជាប់ទាក់ទង