ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានឆ្លើយតបទៅកាន់ម្ចាស់គណនី Tiktok ឈ្មោះ វិមាន ទៅលើរឿងសណ្តែកកួរឡើងថ្លៃ ចំនួន ៤ ចំណុច
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមនាពេលថ្មីៗនេះ បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលទៅលើរឿងសណ្ដែកកួរឡើងថ្លៃ មានតម្លៃដល់ទៅ ៤ ម៉ឺនរៀល ដែលក្នុងនោះក៏មានការបង្ហោះបញ្ចេញមតិពីគណនី Tiktok មួយ ដែលមានឈ្មោះ វិមាន ផងដែរ ដែលលោកបាននិយាយថា បន្លែសណ្ដែកកួរដែលដឹកចេញពីខាងកើតមកក្នុងផ្សារមានតម្លៃមួយគីឡូ ៤ ម៉ឺនរៀល សាកទៅមើលក្នុងចម្ការបងប្អូនប្រជាពលរដ្ឋខ្មែរ មិនស្រួលមិនបាន ៥០០ រៀលផង។
បន្ទាប់ពីបានឃើញនូវវីដេអូនោះ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៤ បានឆ្លើយតបទៅកាន់ម្ចាស់គណនី Tiktok ឈ្មោះ វិមាន ទៅលើរឿងសណ្តែកកួរឡើងថ្លៃ ចំនួន ៤ ចំណុច ដូចខាងក្រោម ៖
– សណ្តែកកួរឡើងថ្លៃទាំងនោះ មិនមែនជាសណ្តែកកួរនាំចូលនោះទេ តែជាសណ្តែកកួររបស់បងប្អូនកសិករខ្មែរយើង ដែលនៅសេសសល់តិចតួចពីការខូចខាតដោយសារតែអាកាសធាតុក្តៅខ្លាំងពេក ហើយបានធ្វើឱ្យខូចខាតទិន្នផលពួកគាត់រហូតដល់ទៅ ៨០% ទៅ ៩០%។ កុំថាឡើយតែដំណាំ សូម្បីតែមនុស្ស និង សត្វក៏ធ្លាក់ឈឺពិបាកទ្រាំដែរ។ តាមពិតទៅ យើងមានតែជួយត្រេកអរដល់កសិករយើងទៅវិញទេ ដែលបានថ្លៃល្អហ្នឹងហើយគ្រាន់បានទប់កុំឱ្យសូវខាតនោះ។
– បើសណ្តែកកួរនាំចូលពិតជាមានតម្លៃ ១ គីឡូ ៤ ម៉ឺនរៀល ហើយសណ្តែកកួរក្នុងស្រុកមិនបាន ៥០០ រៀល ដូចប្អូននិយាយមែន ម៉្លេះសមមានអ្នកធ្វើសេដ្ឋីបាត់ទៅហើយ ព្រោះថាកសិករខ្មែរមិនអន់ដល់ថ្នាក់ដាំសណ្តែកកួរមិនបាននោះទេ។ ម្តេចមិនដើរប្រមូលទិញយកទៅលក់នៅផ្សារដើមគរទៅ?!
– គោលការណ៍នៃសេដ្ឋកិច្ចទីផ្សារគឺដូច្នេះឯង តែបរិមាណផ្គត់ផ្គង់ថយចុះភ្លាមៗយ៉ាងគំហុកបែបនេះ ប្រាកដជារុញឱ្យថ្លៃកើនឡើងហើយ តែក៏នៅមិនយូរដែរ តែថ្លៃល្អបែបនេះ ប្រាកដជាមានអ្នកសម្រុកនាំចូលពីក្រៅ និង អ្នកសម្រុកដាំ ហើយវានឹងទាញថ្លៃឱ្យថយចុះវិញមិនខាន។ អ្នកហូបទៀតសោតក៏ប្រហែលនឹងប្តូរទៅហូបអីផ្សេងដែរ ព្រោះមិនមែនមានន័យថាយើងអត់ហូបសណ្តែកកួរមិនបានឯណា។
– មិនច្បាស់ថាប្អូនយល់ច្រឡំ ឬ ចង់បំពុលទេ តែការនិយាយរបស់ប្អូនពិតជាធ្វើឱ្យមានការយល់ច្រឡំដល់សាធារណៈជន ស្រួលមិនស្រួល នាំឱ្យកសិករផ្អើលនាំគ្នាដាំសណ្តែកកួរដោយរំពឹងថានឹងបានថ្លៃ ហើយនាំឱ្យពួកគាត់ខាតទៀតផង។
ជាចុងក្រោយ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា ៖ «ក្រសួងកសិកម្ម ពិតជាមានការងារច្រើនដែលត្រូវធ្វើ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនកសិករយើង នៅក្នុងកាលៈទេសៈដែលការប្រែប្រួលអាកាសធាតុកំពុងតែជៈឥទ្ធិពលយ៉ាងខ្លាំងមកលើផលដំណាំរបស់ពួកគាត់។ យើងទាំងអស់គ្នាគួរណាស់តែជួយចូលរួមរកវិធីដោះស្រាយ មិនមែនប្រឹងផ្សព្វផ្សាយឱ្យរឹតតែច្របូកប្របល់នោះទេ។ សង្ឃឹមថាប្អូនវិមាននឹងធ្វើការកែតម្រូវកំហុសមួយនេះ»៕
ប្រភព ៖ ឃឹមហ្វីណង់ – Khim Finan