មន្រ្តីជំនាញ ក.ប.ប. បានធ្វើការដុតបំផ្លាញចោលនូវគ្រឿងឧបភោគ បរិភោគ និងផលិតផលសាច់បង្កកដែលខូចគុណភាពប្រមាណជាង ១៧តោន

(រាជធានីភ្នំពេញ)៖ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ មន្រ្តីជំនាញ ក.ប.ប.​ ដែលជាសេនាធិការរបស់ក្រសួងពាណិជ្ជកម្ម និងជាមន្រ្តីអធិការកិច្ចផ្នែកម្ហូបអាហារ ដោយសហការជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធបានធ្វើការដុតបំផ្លាញចោលនូវផលិតផល គ្រឿងឧបភោគ បរិភោគខូចគុណ និងសាច់បង្កកចំនួន ១៧ ៨៨០គីឡូក្រាមស្ថិតនៅទីលានចាក់សំរាមខណ្ឌដង្កោ។ ផលិតផលដែលជាគ្រឿងឧបភោគ បរិភោគ និងសាច់បង្កកខូចគុណភាពទាំងនោះរួមមាន ទឹកម្ទេស​ ទឹកស៊ីអ៉ីវខាប់ ទឹកប៉ៅហ៊ឺ ប្រេងខ្យង ឈាមទា ជង្គង់មាន់ ត្រចៀកជ្រូក ជើងមាន់ អណ្ដាតជ្រូក ពោះវៀនជ្រូក។ល។

ផលិតផលដែលជាគ្រឿងឧបភោគ បរិភោគ និងសាច់បង្កកខូចគុណភាពទាំងនោះត្រូវបានមន្រ្តីជំនាញខិតខំស្រាវជ្រាវរកឃើញ និងចាប់បានពីឈ្មួញទុច្ចរិតក្នុងខណ្ឌចំនួនបីរួមមាន ខណ្ឌច្បារអំពៅ ខណ្ឌសែនសុខ និងខណ្ឌកំបូល។

គួររំលឹកផងដែរថា មន្រ្តីជំនាញ ក.ប.ប. តែងតែខិតខំស្រាវជ្រាវ ការពារ និងទប់ស្កាត់ទំនិញខូចគុណភាពដែលចរាចរលក់នៅលើទីផ្សារ ដើម្បីធានាការពារសុខុមាលភាពបងប្អូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិតក្នុងទីផ្សារ និងធានាភាពស្មើគ្នាក្នុងធុកិច្ច។

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

អត្ថបទដែលជាប់ទាក់ទង