ព្រលានយន្តហោះក្រុងឌូបៃ ត្រូវបានបិទ និងពន្យារជើងហោះហើរជាច្រើន ដោយសារតែភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ជាថ្

ព្រលានយន្តហោះក្រុងឌូបៃ ត្រូវបានបិទ និងពន្យារជើងហោះហើរជាច្រើន ដោយសារតែភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ជាថ្មី ត្រឹម ២ សប្ដាហ៍ក្រោយជំនន់ទឹកភ្លៀងដ៏ខ្លាំងក្លាជាប្រវត្តិសាស្ត្រ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង កាលពីខែមេសាកន្លងទៅ។

កាលពីព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ ក្រុមហ៊ុនជើងហោះហើរ Emirates របស់ប្រទេសអារ៉ាប់ បានប្រកាសលុបចោលជើងហោះហើរចំនួន ៩ ដែលចេញពីព្រលានយន្តហោះអន្តរជាតិឌូបៃ ដោយសារតែជួបបញ្ហាអាកាសធាតុ មានភ្លៀងធ្លាក់យ៉ាងគំហុក។ ជាមួយគ្នានោះដែរ ជើងហោះហើររបស់ក្រុមហ៊ុនមួយចំនួនផ្សេងទៀត ដែលត្រូវហោះមកព្រលានយន្តហោះនេះ ក៏ត្រូវពន្យារពេលដូចគ្នា។

គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី ០២ ខែឧសភាកន្លងទៅ ព្យុះភ្លៀងបានវាយប្រហារលើប្រទេសអារ៉ាប់ជាថ្មី ដែលបណ្ដាលឱ្យតំបន់ជាច្រើនក្នុងប្រទេសនេះ រងការលិចលង់។ ក្នុងនោះ ក្រុងឌូបៃ មានភ្លៀងធ្លាក់ក្នុងបរិមាណ ២០ មីលីម៉ែត្រ ក្នុងរយៈពេល ១២ ម៉ោង ដែលចំនួននេះគឺទ្វេដងនឹងចំនួនទឹកភ្លៀងប្រចាំឆ្នាំ ចន្លោះខែមេសា និង ឧសភា។

រដ្ឋាភិបាលប្រទេសអារ៉ាប់ ក៏បានណែនាំឱ្យបណ្ដាក្រុមហ៊ុន និង សាលារៀនក្នុងកន្លែងដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ឱ្យបុគ្គលិក និងសិស្សានុសិស្ស បំពេញការងារ និងសិក្សាពីផ្ទះ នៅចន្លោះថ្ងៃទី ០២ និង ០៣ ខែឧសភា។ ដោយឡែក តាមសួនច្បារ និងឆ្នេរសមុទ្រ ត្រូវបិទជាបណ្ដោះអាសន្ន ហើយចំពោះបុគ្គលិកមន្ត្រីរាជការ ក៏បានអនុញ្ញាតឱ្យបំពេញការងារពីផ្ទះមួយរយៈខ្លីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង