ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និង លោកជំទាវ ហាក់មានសេចក្ដីអាណិតចំពោះតារាកំប្លែង នាយ ឆាង បានជួយប្រាក់មួយចំនួនដើម្បីព្យាបាលជំងឺ

ស្ថានភាពជំងឺសួត របស់តារាកំប្លែង នាយ ឆាង មកដល់ពេលនេះនៅមិនទាន់ធូរស្រាលនៅឡើយ ដោយពេលនេះ ក្រុមគ្រួសារបានបញ្ចូលនាយ ឆាង ឱ្យនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ប៉ុន្ដែដោយស្ថានភាពគ្រួសារខ្វះខាត ដូច្នេះសាមីខ្លួន ក៏ដូចជាគ្រួសារតារាកំប្លែងរូបនេះ បានអំពាវនាវដល់សប្បុរសជន មេត្ដាជួយជាថវិកាដើម្បីព្យាបាលជំងឺ។

ដោយមើលឃើញពីទុក្ខលំបាករបស់ នាងឆាង ព្រមទាំងមានការអំពាវនាវឱ្យជួយផងនោះ ស្រាប់តែនៅល្ងាចថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និង លោកជំទាវ ហាក់មានសេចក្ដីអាណិតចំពោះតារាកំប្លែងរូបនេះ ដោយឯកឧត្តមបានចូលរួមជួយជាថវិកាចំនួន ៥០ ម៉ឺនរៀល ដើម្បីសម្រាលបន្ទុកគ្រួសារមួយចំនួន។

លើសពីនេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏សង្ឃឹមថា នឹងមានសប្បុរសជនចូលរួមជួយ នាយឆាង បន្តបន្ទាប់ទៀតថា ៖ «យោងតាមការអំពាវនាវ ខ្ញុំសូមចូលរួមរំលែកទុក្ខលំបាកបានមួយចំណែកតូច ពូ និងមីងសូមជូនពរឱ្យក្មួយឆាប់បានជាសះស្បើយពីជំងឺ កើតជាតិណាៗសូមកុំឱ្យអភ័ព្វដូចជាតិនេះទៀត ពូមានសង្ឃឹមថានឹងមានសប្បុរសជនចូលរួមជាបន្តបន្ទាប់ថែមទៀត»

បន្ទាប់ពីឃើញការបង្ហោះរបស់ ឯកឧត្តមហើយ គេក៏ឃើញសប្បុរសជនជាច្រើនដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាចូលរួមជួយម្នាក់ ២ ម៉ឺនរៀល ខ្លះក៏ជួយ ៥ ម៉ឺនរៀលតាមលទ្ធភាព ដែលនេះបង្ហាញឱ្យឃើញពីទឹកចិត្តដ៏ប្រសើរបំផុតរបស់ប្រជាជនខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង