ឪពុកដែលវា-យជនបង្កព្រោះបំពានកូនស្រីនោះ ត្រូវបានដោះលែងហើយ ពេលនេះឪពុក និង កូនបានជួបគ្នាយំយ៉ាងរំជួលចិត្ត
បន្ទាប់ពីលោកស្រី ម៉ម សុម៉ាលី បង្ហោះទាក់ទិនទៅនឹងករណីក្មេងស្រីអាយុ ១៥ ឆ្នាំត្រូវបានគេរំលោភបូករហូតដល់ទៅ ២០ នាក់យ៉ាងព្រៃផ្សៃនៅសៀមរាប ហើយឪពុកបង្កើតត្រូវជាប់គុកដោយសារវាយទៅអ្នកបង្ករនោះ បានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីកន្លងទៅនោះ។
ក្រោយផ្ទុះការភ្ញាក់ផ្អើលនេះ និង មានការអន្តរាគមន៍ពីសំណាក់ក្រសួងយុត្តិធម៌ នៅយប់ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៤ លោកស្រី ម៉ម សុម៉ាលី បានបញ្ជាក់ឱ្យដឹងថា ទីបំផុតពុកកូនបានជួបគ្នាហើយ។ លោកស្រីពិតជាគោរពថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សម្តេចធិបតី ឯឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយិត្តិធម៌ ដែលបានជួយដោយយកចិត្តទុកដាក់ ដោះលែងពុកជនរងគ្រោះ ឱ្យពុកកូនបានជួបជួនគ្នាវិញ។
បើតាមសេចក្តីថ្លែងការណ៍បំភ្លឺរបស់អ្នកនាំពាក្យសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តសៀមរាប បានបំភ្លឺជូនថា សាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងពាក់ព័ន្ធនឹងករណីខាងលើចំនួនពីរសំណុំរឿង ខណៈសំណុំរឿងឪពុកក្មេងស្រីរងគ្រោះមានដូចខាងក្រោម ៖
– សំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៨ ចុះថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៤ មានជនសង្ស័យឈ្មោះ ពេជ្រ សុវ័ន្ត (ឪពុកក្មេងស្រីក្នុងបទល្មើសរំលោភសេពសន្ថវៈខាងលើ) ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនា ប្រព្រឹត្តនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤ ដោយមូលហេតុថា ជននេះបានប្រើអំពើហិង្សា (ទាត់) លើជនសង្ស័យឈ្មោះ ឡុង សេងឡាយ ភេទប្រុស អាយុ ១៥ ឆ្នាំ (ជនសង្ស័យក្នុងបទល្មើសរំលោភសេពសន្ថវៈខាងលើ) ចំផ្ទៃមុខបណ្តាលឱ្យរបួសត្រង់ភ្នែកខាង ស្តាំ និង ហូរឈាមច្រមុះ នៅពេលដែលមន្ត្រីកងរាជអាវុធហត្ថកំពុងរៀបចំបញ្ជូនឈ្មោះ ឡុង សេងឡាយ មកអយ្យការអមសាលាដំបូងខេត្តសៀមរាប។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីម្តាយរបស់ឈ្មោះ ឡុង សេងឡាយ មន្ត្រីកងរាជអាវុធហត្ថបាន កសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តសៀមរាប។ ក្រោយពីពិនិត្យសំណុំរឿង និង សួរចម្លើយជនសង្ស័យ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ ពេជ្រ សុវ័ន្ត ពីបទហិង្សាដោយចេតនា រួចបានបញ្ជូនទៅចៅក្រមស៊ើបសួរ ហើយចៅក្រមបានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន។ ផ្អែកតាមលិខិតលេខ ១០៦៨ កយ.រប/២៤ ចុះថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៤ របស់ក្រសួងយុត្តិធម៌ បានស្នើសុំឱ្យសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តសៀមរាប ពិចារណាឡើងវិញលើទិដ្ឋភាពច្បាប់ និង ពិនិត្យលទ្ធភាពតាមផ្លូវច្បាប់លើករណីខាងលើ ចៅក្រមស៊ើបសួរបានសម្រេចដោះលែងជនត្រូវចោទ ឈ្មោះ ពេជ្រ សុវ័ន្ត ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ននៅថ្ងៃនេះ និង បន្តការស៊ើបសួរលើសំណុំរឿងនេះតាមនីតិវិធីច្បាប់។
សាលាដំបូងបានបញ្ជាក់ផងដែរថា ចំពោះការចោទប្រកាន់តាមបណ្តាញទំនាក់ទំនងសង្គមថា សាលាដំបូង និង អយ្យការ អមសាលាដំបូងខេត្តសៀមរាប ដោះលែងជនល្មើសចំនួន ១៤ នាក់ ឱ្យនៅក្រៅឃុំនោះ គឺមិនពិតឡើយ ព្រោះក្នុងសំណុំរឿងនេះ ជាក់ស្តែងជនដែលត្រូវបានឃាត់ខ្លួន និង ឃុំខ្លួន មានចំនួន ៥ នាក់ ប៉ុណ្ណោះ។ ចំណែកជនពាក់ព័ន្ធផ្សេងទៀតដែលមិនទាន់ឃាត់ខ្លួនបាន គឺដោយសារថាជនទាំងនោះពុំមានអត្តសញ្ញាណគ្រប់គ្រាន់នៅឡើយ។ ចៅក្រមស៊ើបសួរ កំពុងធ្វើការស្រាវជ្រាវជាមួយសមត្ថកិច្ច ដើម្បីកំណត់អត្តសញ្ញាណជនទាំងនោះ និង ចាត់វិធានការតាមផ្លូវច្បាប់៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖