អាកាសធាតុនៅតែបន្តក្ដៅហួតហែង ប្រជាជនក្នុងភូមិចំនួន ៣ នាខេត្ត Nakhon Sawan ប្រទេសថៃ បានរៀបចំធ្វើពិធីសុំទឹកភ្លៀងតាមទំនៀមបុរាណ

ខណៈអាកាសធាតុនៅតែបន្តក្ដៅហួតហែង ប្រជាជនក្នុងភូមិចំនួន ៣ នាខេត្ត Nakhon Sawan ប្រទេសថៃ បានរៀបចំធ្វើពិធីសុំទឹកភ្លៀងតាមទំនៀមបុរាណ ដោយក្នុងនោះរួមមានទាំងការដង្ហែសត្វឆ្មាផងដែរ។

ពិធីសុំទឹកភ្លៀងតាមភូមិស្រុកនាប្រទេសថៃនេះដែរ បានរៀបចំធ្វើឡើងកាលពីចុងខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ប៉ុន្តែអ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនោះ គឺក្នុងក្បូនដង្ហែសត្វឆ្មា ជាជាងប្រើប្រាស់សត្វឆ្មាពិត អ្នកភូមិខេត្ត Nakhon Sawan បែរជាងាកមកប្រើប្រាស់តុក្កតាជប៉ុន Doraemon ជំនួសវិញ។

ដូចដែលប្រិយមិត្តមួយចំនួនបានដឹងរួចមកហើយថា Doraemon គឺជាតុក្កតាសត្វឆ្មារ៉ូបូត ដែលមានសមត្ថភាពអាចធ្វើដំណើរឆ្លងពេលវេលាបាន ដែលតុក្កតាមួយនេះ មានភាពល្បីល្បាញខ្លាំងក្នុងប្រទេសជប៉ុន។

តាមព័ត៌មានបានឱ្យដឹងថា ប្រជាជនថៃ មានជំនឿលើការដង្ហែសត្វឆ្មា ព្រោះសត្វឆ្មាគឺជាសត្វខ្លាចទឹក ដូចនេះសត្វឆ្មា គេដំណាងឱ្យគ្រោះរាំងស្ងួត ពេលដង្ហែគេត្រូវប្រោះទឹកលើវា ដើម្បីបំបាត់ភាពរាំងស្ងូត។

តាមជំនឿពីបុរាណ គេតែងតែធ្វើឡើងដោយការដង្ហែសត្វឆ្មាញីជុំវិញភូមិ អមដោយការប្រោះព្រំទឹកលើសត្វឆ្មានោះ ហើយនៅពេលណាដែលឆ្មាស្រែក «ម៉េវ» គឺគេជឿថាអាចនឹងនាំជាសារឮដល់ព្រះពិរុណ ឱ្យបង្អុរទឹកភ្លៀងចុះមក។

យ៉ាងណាមិញ ដោយសារតែបច្ចុប្បន្នមនុស្សចាប់ផ្ដើមមានការស្រឡាញ់សត្វច្រើន និងបំណងចង់លុបបំបាត់ការធ្វើទារុណកម្មលើសត្វផងនោះ ទើបក្នុងការដង្ហែក្បួនកាលពីពេលថ្មីៗនេះ អ្នកភូមិនាំគ្នាប្រើប្រាស់តុក្កតាមកជំនួសសត្វពិតប្រាកដបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង