គួរឱ្យរន្ធត់! អស់ពីជំនន់ទឹកភ្លៀង ឥលូវខេត្តមួយនៅចិនជួបគ្រោះបាក់ផ្លូវ highway មួយចំហៀង ឡានធ្លាក់គរលើគ្នាឆេះ
តាមការចេញផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា មនុស្សចំនួន ២៤ នាក់បានស្លាប់ ក្រោយផ្លូវ highway មួយចំហៀងនាខេត្ត Guangdong ប្រទេសចិន បានបាក់ស្រុត បណ្ដាលឱ្យឡានជាច្រើនគ្រឿងកំពុងធ្វើដំណើរតាមដងផ្លូវធ្លាក់ចុះឆេះគរលើគ្នាគួរឱ្យរន្ធត់។
តាមការបញ្ជាក់ពីខាងអាជ្ញាធរបានឱ្យដឹងថា រថយន្តសរុបទាំងអស់គឺ ២០ គ្រឿង ដែលបានធ្លាក់ចុះជម្រាលភ្នំគរលើគ្នានោះ។ ជាមួយគ្នានោះដែរ បើតាមសារព័ត៌មានរដ្ឋប្រចាំប្រទេសចិន បានចេញផ្សាយថា មនុស្ស ៣០ នាក់ផ្សេងទៀត មានរងរបួស និង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
គួរឱ្យដឹងផងដែរថា ដំបូងឡើយខាងសារព័ត៌មានរដ្ឋ បានប្រកាសមានជនរងគ្រោះ ១៩ នាក់បានស្លាប់ ប៉ុន្តែតាមអាជ្ញាធរក្នុងតំបន់ក្រោយមក ក៏បានប្រកាសថា អ្នកស្លាប់ទាំងអស់មានចំនួនដល់ទៅ ២៤ នាក់។ ខេត្ត Guangdong គឺជាខេត្តដ៏ល្បីល្បាញបំផុតមួយក្នុងប្រទេសចិន ដោយថ្មីៗកន្លងទៅនេះ រងការវាយប្រហារដោយជំនន់ទឹកភ្លៀងដ៏អាក្រក់ ដែលបណ្ដាលឱ្យមនុស្ស ៤ នាក់បានស្លាប់ និងរាប់សិបម៉ឺននាក់ផ្សេងទៀតត្រូវជម្លៀសចេញ៕